អាជ្ញាធរខេត្តកំពតប្រជុំពិភាក្សាត្រៀមការងារគ្រប់គ្រងទឹកជំនន់តាមដងព្រែកកំពង់បាយ
AKP កំពត ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥-- កត្តាប្រែប្រួលអាកាសធាតុធ្វើឱ្យកម្រិតទឹកភ្លៀងនៅខេត្តកំពត មានការហក់ឡើងខ្ពស់ បើប្រៀបធៀបនឹងឆ្នាំ២០២៤កន្លងទៅ។ ដើម្បីបង្ការទប់ស្កាត់ទឹកជំនន់ឱ្យមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរខេត្តកំពត មន្ទីរ អង្គភាព ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនស៊ីណូហាយឌ្រូកំចាយ បានជួបប្រជុំពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមមួយចំនួន និងចាត់វិធានការត្រៀមបម្រុងទុកជាមុន។


មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសម្របសម្រួលការងារគ្រប់គ្រងទឹកជំនន់នៅតាមដងព្រែកកំពង់បាយប្រចាំឆ្នាំ២០២៥ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំទុរេនខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត និងជាប្រធានលេខាធិការដ្ឋានគ.គ.ម.ខ បានលើកឡើងថា ទំបន់វារីអគ្គិសនីកំចាយរបស់ក្រុមហ៊ុនស៊ីណូហាយឌ្រូកំចាយ ដែលជាមរតករបស់ម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធិសភាបច្ចុប្បន្ន ពិតជាមានសារៈប្រជោយន៍ច្រើនណាស់ សម្រាប់ជាតិ និងជាពិសេសសម្រាប់ពលរដ្ឋខេត្តកំពត។ ទំនប់វារីអគ្គិសនីកំចាយបានផ្តល់ថាមពលអគ្គីសនី កាត់បន្ថយ និងបញ្ចៀសទឹកជំនន់លិចក្រុងកំពត និងឃុំមួយចំនួនរបស់ស្រុកទឹកឈូ ផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំ និងជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និងបន្តចែកចាយទៅខេត្តព្រះសីហនុ ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតាមដងព្រែកកំចាយ រហូតដល់ព្រែកកំពង់បាយក្រុងកំពតជាដើម។


ឯកឧត្តមបានបន្តថា យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តនៅតែបន្តយកចិត្តទុកដាក់ និងតាមដានជាប់ជានិច្ចអំពីស្ថានភាពទឹកនៅទំនប់វារីអគ្គិសនី ពិសេសក្នុងរដូវវស្សា ព្រោះបច្ចុប្បន្នកត្តាប្រែប្រួលអាកាសធាតុ បានធ្វើឱ្យកម្រិតកម្ពស់ទឹកហក់ឡើងខ្ពស់ នៅក្នុងរយៈពេលដ៏ខ្លី ដែលទាមទារឱ្យអាជ្ញាធរ មន្ទីរអង្គភាព ស្ថាប័នជំនាញ ក្រុមហ៊ុន មានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបន្តកិច្ចសហការគ្នាល្អបន្តទៀត ដើម្បីទ្រសភាពការណ៍ និងបញ្ចៀសទឹកជំនន់ដែលអាចនឹងកើតឡើងឱ្យមានប្រសិទ្ធភាព។

សូមរម្លឹកថា បន្ទាប់ពីសាងសង់ទំបន់វារីអគ្គិសនីកំចាយរួច ក្រុងកំពត និងស្រុកទឹកឈូ មិនដែលមានទឹក ជំនន់បង្កឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចកាលពីពេលមុននោះទេ ហើយពីមួយឆ្នាំទៅមួយឆ្នាំ បច្ចេកទេសនៃការបើកទ្វាររំដោះទឹក និងការគ្រប់គ្រងស្ថានភាពកម្ពស់ទឹកហូរចូលអាងស្តុកមានភាពល្អប្រសើរឡើងៗ បញ្ចៀសបាននូវទឹកជំនន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមមន្ត្រីបច្ចេកទេស ទ្វាររំដោះទឹកទំនប់វារីអគ្គិសនីកំចាយ នឹងត្រូវបើក នៅពេលកម្ពស់ទឹកឡើងដល់១៤៨ម៉ែត្រ ដើម្បីរក្សាសុវត្ថិភាពទំបន់ និងការផលិតថាមពលអគ្គិសនីឱ្យមានស្ថិរភាព៕
ដោយ ប្រាក់ លាង





