ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកបាធាយទទួលបានអំណោយមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា
AKP កំពង់ចាម ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥-- ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១គ្រួសារ រស់នៅក្នុងភូមិទំនប់លើ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានទទួលអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ តាមរយៈលោក ស្រី សុភ័ក្រ្ក លេខាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា។
ក្នុងឱកាសជួបជាមួយគ្រួសាររងគ្រោះ លោក ស្រី សុភ័ក្រ្ត បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ និងបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ ក៏លោកតែងបានចាត់តំណាង ចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "។


ចំពោះអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះ រួមមាន អង្ករ២៥គក្រ មី១កេស ត្រីខ១០កំប៉ុង ទឹកត្រីទឹកស៊ីអ៊ីវ១យួរ ឃីត១សម្រាប់ តង់ធំ២ និងថវិកា ៥០០,០០០រៀល ក្នុងនោះដែរ ព្រះសង្ឃ សង កយ អនុសាខាស្រុក និងក្រុមកាកបាទក្រហមឃុំក៏បានចូលរួមឧបត្ថម្ភបន្ថែមនូវអង្ករ៥០គក្រ គ្រឿងឧបភោគបរិភោគ និងថវិកាសរុបចំនួន ១,៣៦០,០០០រៀលផងដែរ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៥ និង៣០នាទីល្ងាច មានភ្លៀងលាយឡំខ្យល់កន្ត្រាក់ ធ្វើឱ្យផ្ទះប្រជាពលរដ្ឋ១គ្រួសារ ត្រូវខ្យល់បក់ប៉ើងដំបូលស័ង្កសីធ្លាក់ដល់ដី ទាំងស្រុង មានទំហំ ៥ម × ៧ម។ ករណីនេះមិនបណ្ដាលឲ្យប៉ះពាល់ដល់ជីវិតមនុស្សឡើយ៕
ដោយ ឆាយ ម៉ុត





