លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥--
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ន បានដឹកនាំក្រុមការងារ រួមមាន លោកវរសេនីយ៍ទោ បោន សីហា មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោក ៨៩១ លោកវរសេនីយ៍ទោ នី វិបុល អធិការរងក្រុងប៉ោយប៉ែត និងលោក សឿម សាអ៊ីម អគ្គនាយកក្រុមហ៊ុន Grand Diamond City នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ដែលមានកុមារកំព្រាសរុបចំនួន ៦១នាក់ ស្រី ៣៦នាក់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាសិរីករុណាបុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដោយក្តីនឹករលឹកជូនចំពោះកុមារៗ និងគណៈគ្រប់គ្រង។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោបានលើកទឹកចិត្តកុមារៗឱ្យខិតខំសិក្សារៀនសូត្រ ទោះបីជាពួកគេមិនមានឪពុកម្តាយក៏ដោយ ប៉ុន្តែពួកគេមានថ្នាក់ដឹកនាំដ៏ល្អដែលជួយទំនុកបំរុងថែរក្សាជាប្រចាំ។ ឯកឧត្តម អភិសន្តិបណ្ឌិត និងលោកជំទាវ មានក្តីសង្ឃឹមខ្ពស់ចំពោះកុមារៗថា ពួកគេនឹងមានអនាគតដ៏ប្រសើរក្នុងជីវិត។ ទន្ទឹមនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការីបានពិសាអាហាររួមគ្នាជាមួយកុមារៗ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងបង្កើតនូវអនុស្សាវរីយ៍ដ៏ល្អជាមួយពួកគេ។

សូមជម្រាបជូនថា អំណោយដែលបាននាំយកទៅប្រគល់ជូនរួមមានថវិកាចំនួន ៤.០០០.០០០រៀល (បួនលានរៀល) ទឹកបរិសុទ្ធចំនួន ៣០០យួរ នំភីហ្សាចំនួន ៥ប្រអប់ និងនំប៊ឺហ្គឹចំនួន ៦៨ប្រអប់៕
ដោយ ឈុន សារ៉ាត





