ប្រែក្លាយស្រះឈូកទៅជាសួនកម្សាន្តបែបធម្មជាតិសម្រាប់អ្នកខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥-- ទោះបីជាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរទើបតែកន្លងទៅថ្មីៗនេះក៏ដោយក៏នៅមានមនុស្សម្នាជាច្រើនពិសេសគឺក្រុមយុវវ័យ បានធ្វើដំណើរជាហូរហែទៅអង្គុយកម្សាន្តលំហែកាយ និងញ៉ាំចំណីអាហារប្លែកៗនាពេលល្ងាច ដើម្បីស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធ នៅមាត់ស្រះដែលមានផ្កាឈូកដែលរីកស្គុះស្គាយពេញក្នុងបឹង។

ទីតាំងដែលកំពុងល្បីតៗគ្នាអំពីរសជាតិចំណីអាហារនិងទេសភាពព្រមទាំងខ្យល់អាកាសត្រជាក់មនោរម្យនាពេលល្ងាចនោះស្ថុតនៅក្នុងភូមិអន្លង់វិល ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងដែលនៅទីនោះគេសង្កេតឃើញមានស្រះឈូកចំនួនពីរកន្លែងជាប់គ្នា។ នៅមាត់ស្រះឈូកមានទីធ្លាធំទូលាយ និងមានអាជីវករលក់នំចំណីជាច្រើនប្រភេទសម្រាប់បំរើតម្រូវការរបស់ភ្ញៀវទេសចរមកពីឆ្ងាយៗ និងក្រុមយុវវ័យដែលទៅកម្សាន្តដែលភាគច្រើនពួកគេមកពីក្រុងបាត់ដំបង។

បងប្រុស សួន រដ្ឋា ជាអ្នកលក់ណែមអាំងសង្វាក់អាំង និងពងទាកូននៅបឹងឈូកនេះបានរៀបរាប់ថា នៅទីតាំងនេះកាលពីមុនមិនសូវមានភ្ញៀវមកលេងនោះទេ ដោយសារតែមិនសូវមានអ្នកស្គាល់ ព្រោះបើយើងធ្វើដំណើរតាមផ្លូវបេតុងចំពីក្រោយផ្សារអន្លង់វិលឆ្ពោះទៅកាន់ស្រះឈូកនេះគឺមានចម្ងាយប្រមាណ៤គីឡូម៉ែត្រ។ ប៉ុន្តែមួយរយៈចុងក្រោយនេះដោយសារសម្បូរអ្នកបង្ហោះរូបភាពតាមបណ្ដាញសង្គមដោយបង្ហាញនូវទេសភាព ស្រះឈូកដ៏ស្រស់ស្អាតនិងចំណីអាហារជាច្រើនមុខក៏ស្រាប់តែមានភ្ញៀវមកលេងជាហូរហែពិសេសគឺក្រុមយុវវ័យដែលគេនាំគ្នាមកអង្គុយញ៉ាំចំណីអាហារប្លែកៗនៅតាមតុកៅអី ដែលអ្នកលក់បានរៀបចំប្របតាមមាត់ស្រះ។
លោក សួន រដ្ឋា បានបន្តថាអាជីវករដែលប្រកបលក់ចំណីអាហារបានប្រាប់ឱ្យដឹងថាបណ្តាអាជីវករត្រូវបង់ឱ្យម្ចាស់ដីមួយកន្លែងពី ៣.០០០ ទៅ១២.០០០ រៀលក្នុងមួយថ្ងៃទៅតាមទំហំទីតាំងដែលយើងលក់។ នៅទីនេះក៏មានផ្លែឈូកដែលគេកាច់ភ្លាមៗមកដាក់លក់ផងដែរ ហើយចាប់ពីម៉ោង៤ល្ងាចគឺមានអ្នកទៅកំសាន្តបណ្ដើរៗ។

អ្នកស្រី ឈួន ស្រីនាថ ដែលប្រកបរបរលក់នំបញ្ចុក និងសាច់គោអាំងនិយាយថាអ្នកមកកម្សាន្តនៅទីនេះភាគច្រើនគឺជាប់ចិត្តនឹងរសជាតិប្លូមអាហារសម្រន់ដូចជានំបញ្ចុកសាច់គោអាំងមានរសជាតិបែបស្រុកស្រែនៅបាត់ដំបងនេះ ហើយកាលពពីបុណ្យចូលឆ្នាំមានភ្ញៀវមកលេងច្រើនណាស់។
គួរបញ្ជាក់ដែរថា មួយរយៈចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមកសួនកម្សាន្តស្រះឈូកចាប់ផ្ដើមមានភ្ញៀវទៅកំសាន្តច្រើនឡើងៗធ្វើឱ្យអ្នកលក់ចំណីអាហារមានការសប្បាយរីករាយក្នុងការលក់ដូរដើម្បីបានកម្រៃដោះស្រាយជីវភាពគ្រួសារ ។ ទីតាំងសួនកម្សាន្តបឹងឈូកនៅភូមិអន្លង់វិលជាចំណែកមួយក្នុងចំណោមទីតាំងកម្សាន្តជាច្រើនទៀតក្នុងខេត្តបាត់ដំបង សម្រាប់ឱ្យភ្ញៀវទៅលម្ហែកម្សាន្តស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធរំសាយភាពនឿយហត់៕
ដោយ សុផល





