ព្រះសហគមន៍កាតូលិកកម្ពុជានឹងរៀបចំពិធីរំលឹកព្រះវិញ្ញាណក្ខន្ធជូនសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥--ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ នឹងរៀបចំពិធីរំលឹកព្រះវិញ្ញាណក្ខន្ធជូនសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ដែល ជាប្រមុខដឹកនាំជាន់ខ្ពស់នៃ សន្តអាសនៈរបស់ព្រះសហគមន៍កាតូលិកនៅមណ្ឌលសកម្មភាពព្រះសហគមន៍ភូមិភាគភ្នំពេញ។
ពិធីរំលឹកព្រះវិញ្ញាណក្ខន្ធនេះគឺនឹងរៀបចំ ចាប់ពីថ្ងៃទី២៤ វេលាម៉ោង ២ រសៀល ដល់ម៉ោង ៥ ល្ងាច និងថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានយាងចូលទិវង្គត នៅថ្ងៃចន្ទនៃបុណ្យចម្លង ទី២១ ខែមេសា ឆ្នាំ២០២៥ ដោយរោគាពាធ នៅក្នុងជន្មាយុ៨៨ វង្សា។
នៅក្នុងពេញមួយជីវិត ព្រះអង្គបានការដាក់ខ្លួន មានចិត្តមេត្តាករុណាឥតដែនកំណត់ និង មានឆន្ទៈឥតងាករេក្នុងការប្រកាសដំណឹងល្អ ដោយបានបន្សល់ទុកកេរដំណែលរាប់មិនអស់មាន ការណែនាំអប់រំជំនឿ និងបំភ្លឺអំពីសេចក្តីសង្ឃឹមសម្រាប់ពិភពលោកទាំងមូល។
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ជារដ្ឋបុរសមួយរូបដែល បានតស៊ូមតិយ៉ាងខ្លាំងក្លា ដើម្បីសន្តិភាព កិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ ការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិជាសកល និងការផ្សះផ្សារ ។
នាឱកាសនេះព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ សូមផ្ញើសារមរណទុក្ខនេះ ថ្វាយព្រះករុណា ជាម្ចាស់ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស គោរពជម្រាបជូន សម្តេច ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ តាមបណ្តាក្រសួងនានារបស់ ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អគ្គរាជទូត អគ្គរដ្ឋទូតរបស់ប្រទេសនានាប្រចាំ ព្រះរាជាណាចក្រកម្ពុជា។ សូមថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងជម្រាបជូនមេដឹកនាំសាសនា ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ពិធីអភិបូជាថ្វាយព្រះវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាប នឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាព របស់លោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នៅ ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០ ព្រឹក នៅមណ្ឌលសកម្មភាពព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ។

ដោយៈ ហេង បញ្ញា





