កូនកោងកាងចំនួន១២៥០០ដើមបានធ្វើការដាំដុះនៅក្នុងសហគមន៍នេសាទជំពូខ្មៅ ស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥--ក្រសួងបរិស្ថានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងរដ្ឋបាលស្រុកព្រៃនប់ បានរៀបចំពិធីដាំដុះកូនកោងកាងសរុបចំនួន១២៥០០ដើម នៅចំណុចនិយាមការ X.៣៧៥៤៧២ Y.១១៧៥៥៩៥ ស្ថិតក្នុងសហគមន៍នេសាទជំពូខ្មៅ ភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃពុធទី២៣ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរស្រុកព្រៃនប់ អាជ្ញាធរឃុំ ប្រជាសហគមន៍ឃុំទួលទទឹង និងមន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ។

ក្នុងពិធីដាំដុះកូនកោងកាងស្ថិតនៅភូមិជំពូខ្មៅ គឺដើម្បីស្ដារព្រៃកោងកាងដែលរេចរិលឡើងវិញ ជាពិសេសការពង្រីកផ្ទៃដីកោងកាងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយនូវទំនាស់ដីធ្លីបានថែមទៀតផង។

ក្នុងឱកាសនោះ លោកអភិបាលស្រុកព្រៃនប់ក៏បានធ្វើការអំពាវនាវដល់ប្រជាសហគមន៍ភូមិជំពូខ្មៅចូលរួមថែរក្សា ការពារ និងអភិរក្សព្រៃកោងកាងនេះឱ្យបានគង់វង្ស ព្រោះព្រៃកោងកាងទាំងអស់នេះមានសារសំខាន់ណាស់នាំមកនូវផលប្រយោជន៍ជាច្រើន ជួយដល់សហគមន៍តាមរយ:ការនេសាទជាលក្ខណៈគ្រួសារ បង្កើននូវធនធានមច្ឆជាតិ ជាជម្រកសត្វស្លាបយ៉ាងសំខាន់ និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បានថែមទៀតផង ហើយអត្ថប្រយោជន៍នៃព្រៃកោងកាង គឺនាំមកនូវជម្រកសត្វគ្រប់ប្រភេទ ធ្វើឱ្យមច្ឆជាតិកាន់តែសម្បូរនៅក្នុងសហគមន៍ប្រជាពលរដ្ឋបានថែមទៀតផង។

សូមបញ្ជាក់ថា ក្រុមការងារបានធ្វើការដាំដុះកូនកោងកាងនៅក្នុងសហគមន៍ជំពូខ្មៅ ឃុំទួលទទឹង បានចំនួន៣០០០ដើម ដោយឡែកចំនួនកូនកោងកាងដែលនៅសល់ចំនួន ៩៥០០ដើម គឺសហគមន៍នឹងធ្វើការដាំដុះបន្ត៕


ដោយ ងូ សុមុនី





