សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់
AKPបន្ទាយមានជ័យថ្ងៃទី២៤ខែមេសាឆ្នាំ២នៅ០២៥--សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ នូម សោភ័ណ អនុប្រធានកិត្តិយសសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១០ គ្រួសារ នៅក្នុងស្រុកអូរជ្រៅ កាលពីរសៀលថ្ងៃពុធ ទី ២៣ ខែមេសា ឆ្នាំ២០២៥នេះ។

ប្រតិបត្តិការមនុស្សធម៌នេះមានការចូលរួមពីសំណាក់ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា គណៈកម្មាធិការអនុសាខា ស្រុកអូរជ្រៅក្រុមការងារកាកបាទក្រហម ឃុំ លោកមេភូមិ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមជាច្រើនរូប។
យោងតាមរបាយការណ៍បានឱ្យដឹងថា គ្រួសារទាំង ១០ គ្រួសារនេះ បានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដែលក្នុងនោះរួមមាន ឃុំចង្ហា ស្រុកអូរជ្រៅ មាន ៣ ភូមិ សរុបចំនួន ៩ គ្រួសារ។ឃុំសំរោង ស្រុកអូរជ្រៅ មាន ១ ភូមិ សរុបចំនួន ១ គ្រួសារ។

ក្នុងឱកាសនៃការសួរសុខទុក្ខនោះ ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះគ្រួសាររងគ្រោះទាំងអស់ ដែលបានជួបប្រទះនឹងគ្រោះធម្មជាតិនាពេលថ្មីៗនេះ។ ឯកឧត្តមបានលើកឡើងពីស្មារតីសាមគ្គី និងការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ជាថ្មីម្តងទៀត ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ កុំចេញទៅទីវាលទំនេរ និងជៀសវាងការជ្រកកោននៅក្រោមដើមឈើធំៗ។ ឯកឧត្តមក៏បានណែនាំឱ្យបងប្អូនស្វែងរកទីកន្លែងដែលមានសុវត្ថិភាពដើម្បីការពារខ្លួន និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសក្នុងស្ថានភាពអាកាសធាតុក្តៅខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយត្រូវពិសាទឹកឱ្យបានច្រើន។

អំណោយមនុស្សធម៌ត្រូវបានចែកជូននៅទីតាំងចំនួន ៣ ផ្សេងគ្នា ដែលក្នុងនោះទីតាំងសំខាន់គឺនៅសាលាឃុំចង្ហា ស្រុកអូរជ្រៅ។
អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយកទៅផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន អង្ករ ២៥ គីឡូក្រាម មីជាតិ ១ កេស ត្រីខ ១ យួរ ទឹកត្រី ១ យួរ មុង ១ ភួយ ១ សារុង ១ ក្រមា ១ និងថវិកាមួយចំនួនទៀតផង។
អំណោយទាំងនេះគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជួយសម្រាលបន្ទុកជីវភាព និងផ្តល់កម្លាំងចិត្តដល់គ្រួសារដែលរងគ្រោះឱ្យឆាប់បានងើបផុតពីស្ថានភាពលំបាកនេះ។ នេះជាប្រសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងឱកាសនោះ។

ជាមួយនោះដែរលោក កែវ តារារស្មី ប្រធានអនុសាខាកាកបាទក្រហមស្រុកអូរជ្រៅ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៦:០៥នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥កន្លងទៅ មានករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង បន្ទប់ទឹក ១ខ្នង៦បន្ទប់ ជង្រុក២ខ្នង និងរោងចំនួន៤ខ្នង ខូចខាតស័ង្កសីសរុបចំនួន២២៦សន្លឹក លើឃុំចំនួន២គឺឃុំចង្ហា ប៉ះពាល់ផ្ទះសរុប ចំនួន១២ខ្នង ជង្រុក២ខ្នង និងរោងចំនួន៤ខ្នង ខូចខាតស័ង្កសីសរុបចំនួន ១៦៧សន្លឹក លើភូមិចំនួន៣ ចំណែកឃុំសំរោង ប៉ះពាល់ផ្ទះសរុបចំនួន២ខ្នង បន្ទប់ទឹកវត្តអញ្ចាញ ចំនួន ១ខ្នង ៦បន្ទប់ ខូចខាតស័ង្កសីសរុបចំនួន ៥៩សន្លឹក លើភូមិចំនួន២។លោកបន្តថា ក្នុងចំណោមពលរដ្ឋដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់ កន្ត្រាក់ មាន១០គ្រួសារ ជាគ្រួសារតែមានជីវភាពទីទ័លក្រ ដែលទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត៕
ដោយ៖ឈុនសារ៉ាត





