លោកជំទាវនាយករដ្ឋមន្ត្រីថៃលើកឡើងថា លោកជំទាវ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត មានសំណាងណាស់ ដែលមានឳពុកជាអតីតនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សាដ៏ល្អសម្រាប់កូនៗក្នុងការដឹកនាំប្រទេសជាតិ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥-លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានមានប្រសាសន៍លើកឡើងថា លោកជំទាវ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត មានសំណាងណាស់ ដែលមានឳពុកសុទ្ធសឹងតែជាអតីតនាយករដ្ឋមន្ត្រី ហើយជាមេដឹកនាំដ៏ពូកែ និងជាទីប្រឹក្សាដ៏ល្អសម្រាប់កូនៗ ក្នុងការដឹកនាំប្រទេសជាតិ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ នៅវិមានព្រទ្ធសភា ក្នុងខណៈដែលលោកជំទាវនាយករដ្ឋមន្ត្រីថៃ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវនាយករដ្ឋមន្រ្តី និងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ឆ្លៀតឱកាសនេះ សម្តេចតេជោក៏បានចូលរួមរំលែកទុក្ខសាជាថ្មី ចំពោះសោកនាដកម្មនៃគ្រោះរញ្ជួយដីនៅប្រទេសថៃ នាពេលកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្រ្តី ដែលនឹងនាំមកនូវការពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ស្របពេលដែលឆ្នាំនេះ គឺជាខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ហើយដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើសកម្មភាពព្រមៗគ្នា។

លោកជំទាវនាយករដ្ឋមន្រ្តីថៃ បានថ្លែងអំណរគុណ សម្តេចតេជោ យ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍ប្រកបដោយកិត្តិយស និងបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងភូមិផងរបងជាមួយគ្នាដ៏ល្អ។ ឆ្លៀតឱកាសនោះដែរ លោកជំទាវនាយករដ្ឋមន្រ្តី បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់បងប្រុសជាទីគោរពស្រឡាញ់របស់សម្តេច។ លោកជំទាវនាយករដ្ឋមន្រ្តី បានជម្រាបជូនសម្តេចតេជោ អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី ដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបន្តខិតខំធ្វើការជាមួយគ្នាក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ លោកជំទាវនាយករដ្ឋមន្រ្តី បានលើកឡើងបន្ថែមផងដែរថា លោកជំទាវ និងសម្តេចធិបតី មិនត្រឹមតែមានឪពុកជានាយករដ្ឋមន្រ្តី ដែលជាអ្នកពូកែ និងផ្តល់បទពិសោធន៍ល្អៗប៉ុណ្ណោះទេ ថែមទាំងរាប់អានគ្នាជាបងប្អូនល្អទៀត ដែលការណ៍នេះបានញុំាងឱ្យកិច្ចពិភាក្សាគ្នាកាន់តែមានលក្ខណៈងាយស្រួល។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្ត និងកាយវិការនៃការចូលរួមរំលែកទុក្ខ ក្នុងគ្រាលំបាករបស់សម្តេច រួមទាំងក្នុងនាមជាបងប្អូន។ សម្តេចតេជោ ក៏បានរម្លឹកអំពីការរាប់អានគ្នា ការប្រាស្រ័យទាក់ទងគ្នាជាមួយឪពុកលោកជំទាវនាយករដ្ឋមន្រ្តី និងការជួយគ្នាទៅវិញទៅមក។ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យប្រទេសទាំងពីរ គិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី អនុតំបន់ ដូចជា អេម៉ិក (ACMECS) GMS និងក្របខ័ណ្ឌតំបន់នានា ដូចជាអាស៊ាន និងអាស៊ិប (RCEP) ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅនឹងក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេសការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។ បន្ថែមពីលើនេះ សម្តេចតេជោ បានចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត ពីព្រោះប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ។ ដូចនេះ ប្រទេសទាំងពីរត្រូវជំរុញការអនុវត្តសកម្មភាព លើកកម្ពស់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តនេះ ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» នាពេលអនាគត។ សម្តេចតេជោ ក៏សម្តែងនូវភាពរីករាយដោយបានកត់សម្គាល់ឃើញប្រទេសទាំងពីរមានការផ្សាភ្ជាប់គ្នាល្អ និងថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ។ សម្តេចតេជោ បានជម្រាបជូនអំពីមូលដ្ឋាននៃការផ្ទេរអំណាចរបស់ សម្តេច ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ដែលជាគិតគូរវែងឆ្ងាយអំពីការអភិវឌ្ឍ និងអនាគតរបស់កម្ពុជា ដោយធៀបទៅនឹងប្រទេសផ្សេងៗ ដែលតែងសង្កេតឃើញមានអស្ថិរភាព និងជម្លោះនៅពេលមានការផ្លាស់ប្តូរអំណាច។ សម្តេចតេជោប្រធាព្រឹទ្ធសភា ក៏បានជូនពរលោកជំទាវ Paetongtarn Shinawatra និងគណៈប្រតិភូថៃ ទទួលបាន ជោគជ័យចំពោះទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើនចំណងមិត្តភាពប្រពៃណី និងទំនាក់ទំនងល្អបន្ថែមទៀត ហើយ សម្តេចសង្ឃឹមថា នឹងមានឱកាសជួបឯកឧត្តម ថាក់ស៊ីន នាពេលសមស្របណាមួយខាងមុខ៕
ដោយ៖ ជឹម ណារី





