សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨»
AKP កណ្ដាល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥-- អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ក្រោមអធិបតីភាពឯកឧត្តម វ័ន កុយ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង ១៣ផងដែរ។

ឯកឧត្តម វ័ន កុយ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០២៤-២០២៨» គឺជាយន្តការជាតិដែលបានរៀបចំឡើងបន្តពីផែនការសកម្មភាពជាតិស្តីពីជនពិការ រួមបញ្ចូលជនរងគ្រោះដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្រាម២០០៩-២០១១ និងបន្តដល់ដល់ឆ្នាំ២០១៣ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៤-២០១៨ និងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ ២០១៩-២០២៣ ដើម្បីរួមចំណែកក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ សេចក្តីប្រកាសទីក្រុងហ្សាការតាស្តីពីទសវត្សរ៍ជនមានពិការភាពអាស៊ីប៉ាស៊ីហ្វិក២០២២-២០៣២ យុទ្ធសាស្ត្រអ៊ុនឈាន់ «ធ្វើឱ្យសិទ្ធិក្លាយជាការពិត» ផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាពិសេសយុទ្ធសាស្ត្របញ្ចកោនដំណាក់ កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យពិការភាពជាការងារអាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធ សាស្ត្របញ្ចកោណអំពីការអនុវត្តគោលនយោបាយពិការភាព តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាពិសេសកម្ពុជាបានដាក់ចេញនូវច្បាប់ លិខិតបទដ្ឋាន និងគោលនយោបាយសំខាន់ៗមួយចំនួន ក្នុងការធានាបាននូវការមិនរើសអើង ការផ្តល់ឱកាសស្មើភាពគ្នា និងការចូលរួមពេញលេញរបស់បងប្អូនជនមានពិការភាពនៅក្នុងសង្គម ហើយជនមានពិការភាពនៅកម្ពុជាទទួលបានសិទ្ធិយ៉ាងពេញលេញ ដូចមានចែងក្នុងច្បាប់ និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងបានបញ្ចូលទាំងសិទ្ធិចូលរួមក្នុង់ជីវភាពនយោបាយ និងសាធារណៈដែល ធ្វើឱ្យជនមានពិការភាពរស់នៅក្នុងសង្គម មានសមភាពចំពោះមុខច្បាប់ ដូចជនដែលមិនមានពិការភាព។

លោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតនូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លា បន្តបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការបម្រើជាតិមាតុភូមិប្រែក្លាយ កម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ បរិបូរណ៍ វិបុលភាព ជាសង្គមមួយមានការដឹកនាំ ប្រកបដោយគុណាធិបតេយ្យ រួមសាមគ្គីជាធ្លុងមួយ លុបបំបាត់ការរើសអើង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនមានពិការភាពដើម្បីឈានទៅសម្រេច ឱ្យបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នៅឆ្នាំ២០៥០។ រដ្ឋបាលខេត្តកណ្តាល ពិតជាមានមោទកភាពក្រៃលែង ដោយបានឃើញវិស័យពិការភាពនៅកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ នាឆ្នាំ២០២៣ កន្លងមក ជាមួយភាពល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ ចំនួន០៣គី ទី១. ជោគជ័យក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ទី២. កីឡាជនមានពិការភាពលើកទី១ និងទី៣. ការរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងកីឡាជូនប៉ាស៊ីហ្វិកស្តីពី និងប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។ ជោគជ័យទាំង៣នេះបានជំរុញឱ្យកម្ពុជាទទួលបានកិត្យានុភាពថ្មីឱ្យទទួលបានកិត្យានុភាពថ្មីៗបន្ថែមទៀត ស្មើមុខស្មើមាត់ជាមួយនឹងអន្តរជាតិ ជាពិសេសបានឆ្លុះបញ្ចាំងអំពីសក្តានុពល និងវឌ្ឍនភាពការវិវត្តវិស័យពិការភាព មិនចាញ់បណ្តាប្រទេសនានា នៅក្នុងតំបន់ និងអន្តរជាតិឡើយ៕
ដោយ ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)




