ឯកឧត្តម ហ៊ែល តូនី ប្រជុំដោះស្រាយបញ្ហាចាក់ដីចូលទន្លេសាបរបស់ក្រុមហ៊ុនទឹកស្អាតនៅខេត្តកំពង់ឆ្នាំង
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប រួមជាមួយ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប នៅសាលាខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មន្ទីរជំនាញ តំណាងក្រុមហ៊ុនទឹកស្អាត ប្រជុំពិនិត្យ និងពិភាក្សារកដំណោះស្រាយករណីចាក់ដីចូលក្នុងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សូមជម្រាបជូនថា កាលពីថ្ងៃ១៩ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត បានចុះពិនិត្យដល់ទីតាំងជាក់ស្តែង និងប្រជុំពិភាក្សាដោះស្រាយចំពោះករណីក្រុមហ៊ុនទឹកស្អាត ដែលបានចាក់ដីបំពានចូលទន្លេសាប ដែលជាបទល្មើស មានចែងក្នុងបទប្បញ្ញត្តិក្នុងមាត្រាទី១២ និងមាត្រាទី ៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ក៏បានប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យលក្ខណៈបច្ចេកទេសបន្ថែមឱ្យបានហ្មត់ចត់ មុននឹងប្រជុំសម្រេច ការពារកុំឱ្យបង្កផលប៉ះពាល់ជាអវិជ្ជមានដល់លំហូរទឹកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេសាប។

ជាលទ្ធផលអង្គប្រជុំនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានសម្រេច និងឯកភាពគ្នាលើ៣ចំណុច គឺ៖ ទី១. ឱ្យក្រុមហ៊ុនទឹកស្អាត ធ្វើការកាយដីទំនប់យកអាចម៍ដីចេញពីទន្លេសាបវិញស្របតាមច្បាប់ និងលក្ខណៈបច្ចេកទេស ទី២. ក្រុមហ៊ុនស្នើសុំរយៈពេល១៥ថ្ងៃ ដោយក្រុមហ៊ុននឹងធ្វើការកាយចេញជាបណ្តើរៗក្នុងរយៈពេលពេល៧ថ្ងៃ ចាប់ពីពេលនេះទៅ និងរៀបចំប្លង់បច្ចេកទេសតាមការចង្អុលបង្ហាញរបស់ក្រសួង និងមន្ទីរពាក់ព័ន្ធ និងទី៣. ក្រុមហ៊ុនទឹកស្អាតត្រូវស្នើសុំទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកំណត់ទីតាំងបូមទឹកឆៅក្នុងការផលិតទឹកស្អាត ដោយមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្របតាមច្បាប់ជាធរមាន៕
ដោយ៖ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)




