ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងប្រទេសសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥-- ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៃកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងសិង្ហបុរី ដោយមានការចូលរួមពីសំណាក់ លោក Ravinder Singh ប្រធានក្រុមប្រឹក្សាភិបាល NYP, លោក Russell Chan នាយកប្រតិបត្តិ Nanyang Polytechnic (PCEO), លោកស្រី Esther Ho នាយិការង សេវាកម្មសិក្សា និងសហគ្រាសពេញមួយជីវិត (DyP/LLES) , Dr. Phua Chee Teck នាយករង និរន្តរភាព និងបច្ចេកវិទ្យា (DyP/ST), លោក Chai Kuek Heng នាយក Center for Student Support and International Relations (D/CSSIR), និង Ms. Esther Bay នាយិកាកម្មវិធីទំនាក់ទំនងអន្តរជាតិ។

តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងប្រតិភូក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់តំណាងសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង និងបានទៅឃើញដោយផ្ទាល់នូវការអនុវត្តជាក់ស្តែង ដើម្បីស្វែងយល់លម្អិតពីហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងប្រព័ន្ធអប់រំ និងកម្មវិធីសិក្សានានារបស់សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង។ ក្នុងនោះដែរគណៈប្រតិភូក៏បានពិភាក្សាផ្តោតលើគំរូនៃប្រព័ន្ធអប់រំពហុបច្ចេកទេសរបស់សិង្ហបុរី និងពិនិត្យមើលលទ្ធភាព និងសក្ដានុពលនៃយន្តការ និងរចនាសម្ព័ន្ធនេះ ដែលអាចត្រូវយកមកប្រើប្រាស់សម្រាប់ការអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសិង្ហបុរី តាមរយៈសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំទស្សនកិច្ចសិក្សាដ៏មានសារៈសំខាន់នេះឡើងប្រកបដោយការយកចិត្តទុកដាក់ និងគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះពិតជាបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើន ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដែលជាទុនដ៏សំខាន់សម្រាប់ក្រុមការងារប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍន៍ការងាររបស់ខ្លួនគាំទ្រដល់បេសកកម្មលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យប្រសើរឡើង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)




