ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំ (ខ) នៃសាលាខេត្តបន្ទាយមានជ័យបានអញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពីការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើវត្តមានស្នាក់នៅរបស់ជនបរទេសនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យទាំងមូល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងតំណាងមកពីមន្ទីរនានាក្នុងខេត្ត។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពង្រឹងការគ្រប់គ្រងវត្តមានជនបរទេសឱ្យកាន់តែមានប្រសិទ្ធភាព ធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការគោរពច្បាប់ស្តីពីជនអន្តោប្រវេសន៍នៅក្នុងខេត្ត។

ឯកឧត្ដម អ៊ុ រាត្រី បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងវត្តមានជនបរទេសក្នុងបរិបទសកលភាវូបនីយកម្ម និងការធ្វើចលនាមនុស្សឆ្លងកាត់ព្រំដែនកាន់តែមានភាពស្មុគស្មាញ ដោយបានលើកឡើងថា ការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស មិនមែនគ្រាន់តែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតព្វកិច្ចដ៏សំខាន់ក្នុងការធានាបាននូវសន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងខេត្តរបស់យើង។ យើងត្រូវធ្វើការរួមគ្នាឱ្យបានស៊ីជម្រៅ និងមានការសម្របសម្រួលខ្ពស់រវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថា ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យគោរពច្បាប់ និងចូលរួមចំណែកក្នុងការកសាងសង្គមជាតិប្រកបដោយភាពវិជ្ជមាន។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមអភិបាលខេត្តបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការចុះពិនិត្យ តាមដាន និងធ្វើបច្ចុប្បន្នភាពទិន្នន័យជនបរទេសដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទៀងទាត់។ ទន្ទឹមនឹងនោះ ត្រូវមានយន្តការច្បាស់លាស់ក្នុងការដោះស្រាយបញ្ហានានាដែលកើតមានពាក់ព័ន្ធនឹងជនបរទេស ព្រមទាំងសហការជាមួយស្ថានទូត ឬតំណាងប្រទេសនានា ដើម្បីសម្រួលដល់ការស្នាក់នៅស្របច្បាប់ និងការគោរពសិទ្ធិរបស់ជនបរទេសផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាលខេត្តក៏បានលើកទឹកចិត្តឱ្យមានការបណ្ដុះបណ្ដាលសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីជនអន្តោប្រវេសន៍ឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តច្បាប់ប្រកបដោយតម្លាភាព យុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងសង្គមមួយដែលបើកចំហ និងទទួលយកភាពចម្រុះ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្មារតីទទួលខុសត្រូវខ្ពស់ និងបានបញ្ចប់ដោយទទួលបានលទ្ធផលផ្លែផ្កាជាច្រើន។ ភាគីចូលរួមទាំងអស់បានប្តេជ្ញាចិត្តរួមគ្នាអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិបាលខេត្ត ដើម្បីធានាបាននូវការគ្រប់គ្រងវត្តមានជនបរទេសប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការអភិវឌ្ឍខេត្តបន្ទាយមានជ័យឱ្យកាន់តែរីកចម្រើន។ នេះជាសក្ខីភាពមួយទៀតដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្ដម អ៊ុ រាត្រី ក្នុងការធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត៕
ដោយ ឈុន សារ៉ាត




