សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ
AKP កំពង់ធំ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅ "ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៥-២០២៨" នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម ណេប សាមុត បានមានប្រសាសន៍ថា ដើម្បីឱ្យមានភាពទាក់ទាញ និងភាពប្រកួតប្រជែងទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក យើងត្រូវប្រែក្លាយប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន រួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចផ្ទៃក្នុង ដោយប្រើប្រាស់សក្តានុពល និងធនធានវប្បធម៌ និងធម្មជាតិព្រមទាំងចូលរួមដល់ការលើកកម្ពស់ជីវភាពប្រជាជននិងការអភិវឌ្ឍសហគមន៍ តាមរយៈ ការបង្កើត និងបង្កើនឱកាសការងារនិងការបង្កើនប្រភពចំណូលជូនប្រជាពលរដ្ឋ ដោយទាមទារឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផល និងសេវាកម្មដែលមាននៅក្នុងតំបន់ តាមរយៈការរៀបចំយុទ្ធនាការផ្សព្វផ្សាយនិងការបញ្ជាបការយល់ដឹងពីសក្តានុពលទេសចរណ៍ក្នុងតំបន់ឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាឱ្យបានកាន់តែច្រើនជាងមុននិងមកច្រើនដង។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ខេត្តកំពង់ធំស្ថិតនៅកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មានសក្តានុពលទាក់ទាញខ្ពស់ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប ជាពិសេសតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក ដែលជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា មុនសម័យអង្គរស្ថិតនៅឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ តំបន់នេះមានប្រាសាទចំនួន ៣២៧ បែងចែកជា០៣ផ្នែកមាន ក្រុមប្រាសាទសំខាន់ៗ រួមមាន ក្រុមប្រាសាទសំបូរ ប្រាសាទតោ និងក្រុមប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ និងមានក្រុមរណបប្រាសាទផ្សេងៗនៅខាងត្បូង និងរបងរមាស និងរាជធានីចាស់ថែមទៀតផង។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថា ការអភិវឌ្ឍប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្តនៅគោលដៅអន្តរខេត្តនេះមុននឹងទៅដល់ខេត្តជុំវិញ ផ្សារភ្ជាប់ជាមួយការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការរៀបចំយន្តការរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំរដ្ឋបាលខេត្តកំពង់ធំ និងបងប្អូនប្រជាពលរដ្ឋមានសេចក្តីត្រេកអរយ៉ាងក្រៃលែងដែលក្រុមការងារសិក្សានិងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ៕
ដោយ ស៊ុម វណ្ណា




