ផលិតផលស្វាយខ្ទិះតៃវ៉ាន់ដាំជាលក្ខណៈគ្រួសារកំពុងមានតម្លៃខ្ពស់នៅលើទីផ្សារ
AKP បាត់ដំបង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥-- ពូជស្វាយខ្ទិះតៃវ៉ាន់ដែលកន្លងមកប្រជាកសិករខ្មែរមិនដែលស្គាល់ និងកម្រមានអ្នកដាំនោះ ឥឡូវត្រូវបានគេពង្រីកការដាំជាលក្ខណៈគ្រួសារនៅលើដីចំការក្នុងខេត្តបាត់ដំបងកាន់តែច្រើនឡើង ដោយសារតែផ្លែស្វាយប្រភេទនេះមានទំហំផ្លែធំ អាចទទួលទានបានចាប់ពីផ្លែចាស់ក៏បានទុំក៏បាន រីឯតម្លៃទៀតសោតក៏លក់បានថ្លៃខ្ពស់នៅតាមទីផ្សារ។

អ្នកស្រី ម៉ន សុរិយា រស់នៅឃុំកន្តឺ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានដីចម្ការតាមបណ្ដោយដងស្ទឹងសង្កែត្រើយខាងលិច បានរៀបរាប់ប្រាប់ឱ្យដឹងថា ដីចម្ការរបស់អ្នកស្រីគឺស្ថិតនៅជាប់នឹងដងផ្លូវ និងខាងក្រោយជាប់ស្ទឹងដែលងាយស្រួលប្រើទឹកស្រោចស្រពដំណាំ។ អ្នកស្រីបានដាក់ដាំដើមស្វាយខ្ទិះតៃវ៉ាន់នេះជាច្រើនដើម ដោយសារតែឮគេថាពូជស្វាយនេះផ្លែធំៗល្អ និងមានឱជារសឆ្ងាញ់។ រយៈពេលបីឆ្នាំដើមស្វាយខ្ទិះតៃវ៉ាន់បានចាប់ផ្ដើមចេញផ្កា និងមានផ្លែជាលើកទីមួយ ដែលផ្លែនីមួយៗធំៗមើលទៅគួរឱ្យស្រឡាញ់ពេញចិត្ត។

អ្នកស្រីបានបន្តថា ពេលស្វាយចាស់គឺអាចញ៉ាំបានហើយដោយរសជាតិជូរផ្អែមអាចបេះលក់បានប៉ុន្តែដោយសារតែផ្លែលើកដំបូងមើលទៅគួរឱ្យស្រឡាញ់ទើបអ្នកស្រីទុកឱ្យនៅទុំដើមមួយចំនួនដើម្បីទុកគ្រាន់មើលលេង។ ដោយសារមានអ្នកភូមិ និងអ្នករកស៊ីផ្លែឈើចេះតែមកទទួចអង្វរសុំចែក និងសុំទិញ ដើម្បីយកទៅញ៉ាំ និងយកទៅលក់បន្ត ទើបអ្នកស្រីចាប់ផ្ដើមបេះលក់ជាហូរហែតែម្ដង។
អ្នកស្រីបានសង្កត់ធ្ងន់ថា ការលក់ដំបូងគឺអ្នកស្រីលក់បានពីចន្លោះ ៤០០០ ទៅ៦០០០រៀលក្នុងមួយគីឡូក្រាម ហើយដោយសារតែផ្លែស្វាយនេះក្នុងមួយផ្លែមានទម្ងន់ ចន្លោះពីមួយគីឡូក្រាមទៅមួយគីឡូកន្លះ ដូច្នេះគឺមានន័យថាក្នុងផ្លែស្វាយមួយផ្លែអ្នកស្រីអាចលក់បានចន្លោះពី ៤០០០ទៅ ៦ ០០០រៀលទៅហើយ។ នៅពេលបេះលក់ម្តងៗអាចរកចំណូលបានចាប់ពី៤០០ ០០០រៀលឡើងទៅ ដោយឡែកសម្រាប់អ្នកលើកយកទៅលក់បន្ត គឺអាចលក់បានថ្លៃលើសពីនេះបន្ថែមទៀត។ បើប្រៀបធៀបគ្នាទៅនឹងស្វាយកែវរមៀតគឺខុសគ្នាឆ្ងាយណាស់។

បច្ចុប្បន្នផ្លែស្វាយខ្ទិះតៃវ៉ាន់នេះមានតម្រូវការច្រើនពីអ្នកទទួលទានដោយសារតែរសជាតិឆ្ងាញ់ប្លែកពីស្វាយដទៃ។ ដោយសារតែអ្នកស្រីមើលឃើញថាទីផ្សារល្អដូច្នេះអ្នកស្រីក៏បន្តបំបែកពូជស្វាយនេះឱ្យបានច្រើនដាំនៅលើដីដែលនៅសល់ ឯអ្នកភូមិនៅតាមដងស្ទឹងក៏នាំគ្នាមកចែកពូជយកទីដាំច្រើនដែរ៕
ដោយ សុផល




