ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ UN-ESCAP បានបន្តបង្កើនកិច្ចសហប្រតិបត្តិការគាំទ្រ ការអភិវឌ្ឍរបស់កម្ពុជា និងការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន២០២៦-២០៣៥
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបប្រជុំទ្វេភាគីជាមួយលោកជំទាវបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) ដើម្បីពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងUN-ESCAP បន្ដថែមទៀតឱ្យកាន់តែមានប្រសិទ្ធភាព រឹងមាំងលើវិស័យសកម្មភាពមីន ដោយជំនួបនេះទ្វេភាគីនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។

ជំនួបទ្វេភាគីនេះមានការចូលរួមពីតំណាងគណៈកម្មាធិការជាតិអេស្កាប់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងផែនការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍។

ឯកឧត្តមបណ្ឌិត លី ធុជ បានពាំនាំនូវសេចក្តីសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះលោកជំទាវ Armida Salsiah Alisjahbana ព្រមទាំងបានអរគុណចំពោះ លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រពេញទំហឹងដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ី និងប៉ាស៊ីហ្វិកទាំងមូល។

ឯកឧត្តមបណ្ឌិតបានថ្លែងអរគុណចំពោះការគាំទ្ររបស់UN-ESCAP ក្នុងការរៀបចំគោលនយោបាយជាតិសកម្មភាពមីនកម្ពុជា ដែលជាផែនទីបង្ហាញផ្លូវវិស័យសកម្មភាពមីននៅកម្ពុជាសម្រាប់រយៈពេល១០ឆ្នាំស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ សកម្មភាពមីនបានចូលរួមយ៉ាងសំខាន់នៅក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជន កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងបានស្នើសុំ UN-ESCAP បន្តគាំទ្រការអនុវត្តគោលនយោបាយថ្មីនេះ ជាពិសេសលើការកសាងធនធានមនុស្ស នវានុវត្តន៍ ការគ្រប់គ្រងទិន្នន័យ និងការកៀរគរធនធានប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានអរគុណចំពោះ UN-ESCAP ដែលថ្មីៗនេះ បានប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការរៀបចំក្របខណ្ឌគោលនយោបាយជាតិ ដើម្បីលើក កម្ពស់ប្រាជ្ញាសប្បនិម្មិត (Artificial Intelligence) ដែលនឹងចូលរួមយ៉ាងសំខាន់ ដល់ការអនុវត្តក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា (២០២១- ២០៣៥) និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត Armida Salsiah Alisjahbana បានប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាគាំទ្រដល់ការលើកកម្ពស់វិស័យប្រាជ្ញាសប្បនិម្មិតនៅកម្ពុជា ក៏ដូចជាការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ និងជំរុញដល់នវានុវត្តន៍ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា តាមរយៈបណ្តាញធុរកិច្ចប្រកបដោយចីរភាពរបស់ESCAP (ESCAP Sust ainable Business Network)៕
ដោយ សួស សំរិត




