នាវាកងស្វ័យការពារជើងទឹកជប៉ុនឈ្មោះ BUNGO និងETAZIMA បានធ្វើមាតុភូមិនិវត្តន៍ចាកចេញពីកំពង់ផែមូលដ្ឋានសមុទ្ររាមប្រកបដោយសុត្ថិភាព
AKP ព្រះសីហនុ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥-- នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន ០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និងនាវាJS ETAZIMA (MSO-306) ដឹកនាំដោយលោកវរនាវីឯក ស៊ីនសូកេ អាម៉ាណូ (SHINSUKE AMANO) មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ បានធ្វើមាតុភូមិនិវត្តន៍ចាកចេញពីកំពង់ផែមូលដ្ឋានសមុទ្ររាមប្រកបដោយសុត្ថិភាព បន្ទាប់ពីបានចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃរួចមក គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

ការចូលចតរបស់នាវាកងស្វ័យការពារជើងទឹកជប៉ុនទាំងពីរគ្រឿងនេះ គឺជាការចូលរូមចំណែកដល់ការសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាសន្តិភាព និងស្ថិភាពនៅក្នុងតំបន់ និងក្នុងសហគមន៍អន្តរជាតិផងដែរ។ ការចាកចេញពីកំពង់ផែមូលដ្ឋានសមុទ្ររាម មានការជូនដំណើរនិវត្តន៍របស់នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿងនៅមូលដ្ឋានសមុទ្ររាម ដោយលោកឧត្តមនាវីត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូបទៀត នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសស្នាក់នៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនាវា កងស្វ័យការពារជើងទឹកជប៉ុនបានចូលជួបសម្តែងការគួរសមជាមួយលោកមេបញ្ជាការមូលដ្ឋានសមុទ្ររាម ចូលជួបសម្តែងការគួសមជាមួយអភិបាលរងខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួនផ្សេងទៀត ព្រមទាំងមានកម្មវិធីលេងកីឡាបាល់ទាត់មិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកម្ពុជា ជប៉ុន នៅទីលានបាល់ទាត់សាលាអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព និងភាពស្និទ្ធស្នាលរីករាយ។

នាវាកងស្វ័យការពារជើងទឹកជប៉ុន គឺជានាវាបរទេសទី១ដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជំហានទី១នូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា នាវាទី១ JS BUNGO (MST-464) បណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រទម្ងន់ផ្ទុក ៥៧០០តោន ល្បឿន ២២knots(៤១km/h) ដឹកនាំដោយមេបញ្ជាការនាវាលោក វរនាវីទោ ថាណាកា គូឈី ហើយនាវាទី២ JS ETAJIMA (MSO-306) បណ្ដោយ ៦៦,៨ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២,៧ ម៉ែត្រ ទម្ងន់ផ្ទុក ៦៩០តោន ល្បឿន ១៤knots (26km/h ដឹកនាំដោយមេបញ្ជាការនាវាលោក វរនាវីត្រី អូដា តាកាយូគី៕
ដោយ ងូ សុមុនី




