លោកស្រី លំ គន្ធារី អញ្ជើញចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥-- លោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ លោកស្រី សឿន សុកេង តំណាងអង្គការទស្សនៈពិភពលោកប្រចាំស្រុកកំពង់ស្វាយ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្តល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុង ស្ថិតនៅភូមិត្បែង (ក) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

តាមរបាយការណ៍របស់លោក អ៊ុត វណ្ណរ៉ា បញ្ជាក់អំពីស្ថានភាពគ្រោះមហន្តរាយភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុងថា នៅវេលាម៉ោង ១និង១៥នាទី រសៀលថ្ងៃទី២១ ខែមេសាឆ្នាំ២០២៥មានករណីភ្លើងឆេះផ្ទះនៅភូមិត្បែង (ក) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយម្ចាស់ផ្ទះឈ្មោះ ចាន់ អ៊ត (ហៅចាន់ ចិត) អាយុ៦០ឆ្នាំ មានសមាជិក៦នាក់។ ផ្ទះមានទំហំទទឹង៦ម៉ែត្រ បណ្ដោយ៨ម៉ែត្រ ដំបូលប្រក់ប្រូស៊ីម៉ង់ត៍ ជញ្ជាំងក្ដារឆេះអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិ រួមមាន ថវិកា១លាន៥សែនរៀល មាសចំនួន៣ជី ស្រូវចំនួន១៣០០គីឡូក្រាម កុំព្យូទ័រ០១គ្រឿងនិងឯកសារមួយចំនួន ដោយមូលហេតុឆ្លងចរន្តអគ្គិសនី។

លោកស្រី លំ គន្ធារី បានមានប្រសាសន៍ថា ការបាត់បង់ទ្រព្យសម្បត្តិមួយចំនួនដោយសារអគ្គិភ័យបានលេបត្របាក់ផ្ទះ០១ខ្នងអស់ទាំងស្រុង ក្នុងនាមជាអ្នកដឹកនាំខេត្តកំពង់ធំ បានចូលរួមសោកស្ដាយ និងនាំយកអំណោយផ្ដល់ជូនដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះនេះឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀត ដើម្បីចិញ្ចឹមគ្រួសារឱ្យមានលក្ខណៈល្អប្រសើរ "ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា" ចុះជួយដល់មូលដ្ឋាន។

ទន្ទឹមនឹងនេះ លោកស្រីបានជំរុញលើកទឹកចិត្តបន្ថែមទៀតដើម្បីឱ្យក្រុមគ្រួសារមានភាពរឹងមាំ អភិវឌ្ឍក្រុមគ្រួសារឱ្យមានការរីកចម្រើន និងសុំឱ្យប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ មុនចេញដំណើរទៅណាមកណា ត្រូវតែពន្លត់ភ្លើងចង្ក្រាន ធូប ទៀន និងបិទកុងតាក់ចរន្តអគ្គិសនី ឱ្យបានត្រឹមត្រូវ ចៀសផុតពីគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំដែលបានផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ រួមមានអង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអីវ០១យួរ តង់១ កន្ទេល១ ឆ្នាំង២ ឃីត១កញ្ចប់ និងថវិកាចំនួន៥០ម៉ីនរៀល និងអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ អំណោយរបស់អង្គការទស្សនៈពិភពលោក ព្រមទាំងអំណោយរបស់រដ្ឋបាលឃុំត្បែងមួយចំនួនទៀត៕
ដោយ ស៊ុម វណ្ណា




