ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងអំណរគុណដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលបានបំពេញភារកិច្ច ដោយជោគជ័យក្នុងពិធីបុណ្យចូលឆ្នាំថ្មី
AKP កំពង់ធំ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចទទួលបានជោគជ័យ ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តបន្ត ក្នុងកិច្ចប្រជុំពិសេសនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្នុងពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានឈប់សម្រាកសប្បាយរីករាយ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី តែកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបំពេញភារកិច្ចជាច្រើនដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានប្រគល់ជូនដូចជា កិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព តាមដងផ្លូវជាតិលេខ៦ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ព្រំប្រទល់ខេត្តសៀមរាប កិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាពនៅតាមទីប្រជុំជននានាក្នុងពិធីបុណ្យចូលឆ្នាំថ្មី កិច្ចសហប្រតិបត្តិការការពារ មិនឱ្យមានការកាប់ទន្ទ្រាន និងការដឹកជញ្ជូនឈើខុសច្បាប់ និងកិច្ចសហប្រតិបត្តិការការពារតំបន់ឡូតិ៍អភិរក្សពូជត្រីមិនឱ្យកើតមានឡើងនូវបទល្មើស ក្នុងពេលចូលឆ្នាំថ្មីនាពេលកន្លងទៅនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួនស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយបានទទួលលទ្ធផលផ្លែផ្កាគួរជាទីមោទនៈសម្រាប់ការកសាងអភិវឌ្ឍ និងបម្រើផលប្រយោជន៍របស់ប្រជាជនកម្ពុជាឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវចាត់តាំងអនុវត្តតាមភារកិច្ចរៀងៗខ្លួន នៅក្រោយឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយត្រូវបន្តចូលរួមក្នុងផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យទទួលបានជោគជ័យបន្ថែមទៀត។ ដោយឡែកជាមួយនេះដែរត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងបទល្មើសព្រៃឈើនិងបទល្មើសនេសាទខុសច្បាប់ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)




