សម្ដេចតេជោ ហ៊ុន សែន៖ ល្បឿននៃការជីកព្រែកជីកហ្វូណនតេជោ នឹងបន្ត បើទោះបីជាមាន ឬគ្មានមិត្តចិន ក៏យើងត្រូវតែធ្វើឱ្យបាន
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ --សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ល្បឿននៃការជីកព្រែកជីកហ្វូណនតេជោ នឹងបន្ត បើទោះបីជាមាន ឬគ្មានមិត្តចិន ក៏យើងត្រូវតែធ្វើឱ្យបានដែរ។


ក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ សម្ដេចតេជោហ៊ុន សែន បានថ្លែងថា បន្ទាប់ពីពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិ យើងក៏បានទទួលមិត្តរបស់យើង គឺឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនដែលបានមកទស្សនកិច្ចផ្លូរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ហើយដែលផ្ដល់ផលប្រយោជន៍យ៉ាងច្រើនទៅលើទំកាន់ទំនងរវាប្រទេសទាំងពីរ ជាពិសេសគឺ ទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាការគាំទ្រយ៉ាងសំខាន់។ ជាពិសេសអ្វីដែលយើងត្រូវមើលឃើញគឺនៅត្រង់ថា ល្បឿននៃការជីកព្រែកជីកហ្វូណនតេជោ នឹងបន្ត ហើយក៏សូមបញ្ជាក់ថា ព្រែកជីកនេះបើទោះបីជាមាន ឬគ្មានមិត្តចិន ក៏យើងត្រូវតែធ្វើឱ្យបានដែរ។ ប៉ុន្តែជាភ័ព្វសំណាង ដែលមិត្តចិនបានប្រកាសនូវការផ្ដល់ជំនួយ ក៏ដូចជាឱ្យក្រុមហ៊ុនមកចូលរួម សម្រាប់ដំណើរការព្រែកជីកនេះ ដែលយើងនឹងសម្រេចនូវព្រែកជីកនេះ ឱ្យបានតាមល្បឿនដែលយើងបានកំណត់។

គួររម្លឹកដែរថា ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ កាលពីសប្ដាហ៍កន្លងមក ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និង សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ។ ឯកឧត្តម ក៏បានមានជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ជឹម ណារី




