លោក ហ៊ិន សោភ័ណ ចុះសិក្សាស្រាវជ្រាវពិធីឡើងអ្នកតានៅទួលសំសៃ សង្កាត់ស្រយ៉ូវ
AKP កំពង់ធំ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥-- ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចាត់ឱ្យលោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ និងសហការី ចុះសិក្សាស្រាវជ្រាវពិធីឡើងអ្នកតានៅទួលសំសៃ ស្ថិតនៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

លោក ហ៊ិន សោភ័ណ បានមានប្រសាសន៍បញ្ជាក់ថា ពិធីឡើងអ្នកតានៅទួលសំសៃ មានកិច្ចពិសេសមួយចំនួនដែលតំបន់ផ្សេងៗទៀតពុំមានឡើយ ដូចជា ការទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង និងការននៀលភក់សុំទឹកភ្លៀងជាដើម។ នៅក្នុងពិធីឡើងអ្នកតានេះ មានការលេងភ្លេង និងរាំបញ្ជាន់រូប និងមានលេងល្បែងប្រជាប្រិយខ្មែរថែមទៀតផង។

ក្នុងឱកាសនោះ លោក ហ៊ិន សោភ័ណ បានថ្លែងអំណរគុណ និងបានប្រគល់ជូនបណ្ណសរសើរដល់សហគមន៍ភូមិរកា ដែលបានរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការចូលរួមថែរក្សាទំនៀមទម្លាប់បុរាណនេះឱ្យបានគង់វង្ស ជាពិសេសគឺកិច្ចទាញព្រ័ត្រឫស្សីដើម្បីសុំទឹកភ្លៀងរបស់អ្នកភូមិរកានេះ បានល្បីសុះសាយពាសពេញប្រទេស ហើយបានកត់ត្រាទុកជាតឹកតាងមួយដ៏សំខាន់ ក្នុងដំណើរការចុះបញ្ជីល្បែងទាញព្រ័ត្រទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិពិភពលោកនៃមនុស្សជាតិ ពោលសូម្បីតែព្រ័ត្រឫស្សីដែលគេបានធ្វើកិច្ចរួចក៏ធ្លាប់មានអ្នកជំនាញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដឹកយកទៅរក្សាទុកនៅរាជធានីភ្នំពេញដែរ។ ដ្បិតព្រ័ត្រដែលធ្វើអំពីឫស្សីយកមកធ្វើកិច្ចក្នុងពិធីឡើងអ្នកតាបែបនេះ គេមិនធ្លាប់ឃើញមាននៅតំបន់ដទៃទៀតក្នុងប្រទេសកម្ពុជាឡើយ។

លោកប្រធានមន្ទីរដែលមានឈាមជ័រ ជាអ្នកមានស្រុកកំណើតនៅក្នុងតំបន់នេះ បានសំណូមពរឱ្យអ្នកស្រុកបន្តប្រណិប័តកិច្ចពិធីបែបជំនឿជីវចលនេះជាបន្តទៀត ដើម្បីរក្សាបាននូវអត្តសញ្ញាណ និងជាផ្នែកមួយនៃការអភិរក្សមត៌កដ៏មានតម្លៃរបស់សហគមន៍របស់ខ្លួន ព្រោះកិច្ចពិធីបែបជំនឿជីវចលនៅក្នុងភូមិរកាគឺមានលក្ខណៈសម្បូណ៌បែបខ្លាំងណាស់ ដូចជាកិច្ចឡើងលោកតានៅប្រាសាទព្រះធាតុរកា កិច្ចឡើងលោកតាទួលដំរីស កិច្ចឡើងលោកតាទួលសំសៃ កិច្ចឡើងលោកតានៅទួលបឹងធំ កិច្ចឡើងលោកតានៅទួលបឹងផ្នាំង (រយៈពេល៣ថ្ងៃ ប្រារព្ធនៅខែពិសាខ) និងជាពិសេស គឺបុណ្យចន្រ្ទស្រាតដែលជាកិច្ចសុំទឹកភ្លៀងដ៏សំខាន់មួយនៅទួលធំប្រារព្ធនៅខែជេស្ឋ ហើយក្នុងពិធីនោះមានគេត្រណមមួយគឺហាមមិនឱ្យមនុស្សប្រុសចូលរួមជាដាច់ខាត ព្រោះកិច្ចមួយចំនួនមានបង្ហាញរូបភាពកេរ្តិ៍ខ្មាសរបស់ស្រ្តី។

សូមបញ្ជាក់ថា ការទាញព្រ័ត្រឫស្សីក្នុងពិធីឡើងអ្នកតានៅភូមិរកា គឺគេត្រូវទាញឱ្យដាច់បែកចេញជាពីរ។ ប្រសិនបើទាញមិនដាច់ទេ នៅក្នុងកិច្ចបញ្ជូនគេត្រូវយកកាំបិតផ្គាក់មកកាត់ព្រ័ត្រនេះឱ្យដាច់ជាពីរតែម្តង។ ការផ្តាច់ព្រ័ត្របែបនេះក្នុងគំនិតបញ្ជាក់ថា ឧបទ្រពចង្រៃនៅក្នុងភូមិស្រុកដែលមាននៅក្នុងឆ្នាំចាស់ សូមឱ្យផ្តាច់ចេញឱ្យអស់ ហើយប្តូរមកវិញជាសិរីសួស្តីនិងភោគផលបរិបូណ៌នៅក្នុងឱកាសឆ្នាំថ្មី ជាពិសេស គឺភោគផលទឹកភ្លៀងសម្រាប់ស្រោចស្រពដំណាំកសិកម្មរបស់អ្នកស្រុក ពោល គឺប្រៀបដូចជាសញ្ញាណមួយនៃការផ្តាច់ចេត្រឈានចូលពិសាខដែលជាពេលចាប់ផ្តើមវដ្តកសិកម្មជាថ្មី៕

ដោយ ស៊ុម វណ្ណា




