សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាកម្ពុជាមិនលឿនយ៉ាងណា តែមានការវិវត្តន៍
AKP ពោធិ៍សាត់ ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីជាកម្ពុជារីកចម្រើនមិនលឿនយ៉ាងណា តែមានការវិវត្តន៍ ខណៈពីមុនមកធ្លាប់តែនាំចូលពីក្រៅប្រទេស សូម្បីតែទឹក ក្រូចមួយកំប៉ុងក៏ទិញពីក្រៅប្រទេស តែពេលនេះមានការផលិតសម្រាប់នាំចេញទៅក្រៅប្រទេសវិញ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើង គ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក” នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥សម្តេចបវរធិបតីបានលើកឡើងថា ទោះបីជានៅខេត្តពោធិ៍សាត់ដែល ជាកន្លែងដែលគេធ្លាប់ជិះកាត់មកហួសទៅហួស បែរមកក្លាយជាកន្លែងមានសក្តានុពលផ្នែកឧស្សាហកម្មជួយឱ្យពលរដ្ឋច្រើនរយនាក់មានការងារធ្វើ។សម្តេចបវរធិបតីបានបន្ថែមថា កាលពី២០ ឬ៣០ឆ្នាំមុនយើងគិតថា កម្ពុជាមិនមានកន្លែងសម្រាប់ ផលិតរថយន្តនោះទេ ហើយកាលពីឆ្នាំ៩០ជាងអ្វីក៏នាំចូលដែរ ។

សម្តេចបញ្ជាក់ថា៖«ខ្ញុំឧស្សហ៍និយាយថា កាលពីឆ្នាំ៩០ជាងសូម្បីទឹកក្រូចមួយកំប៉ុងក៏នាំចូលដែរ ចំពោះផលិតផលសម្រេច។ផ្លែឈើកញ្ចប់ដែលដាក់ផ្លាកសុទ្ធតែនាំពីក្រៅប្រទេស ខោអាវមិនដែលនាំចេញទៅក្រៅប្រទេសទេ ប៉ុន្តែមកដល់ឆ្នាំនេះកម្ពុជាយើងមានសមត្ថភាពផលិតផ្តត់ផ្គង់ទីផ្សារក្នុងស្រុកមួយចំនួនហើយសម្រាប់នាំចេញទៅទីផ្សាក្រៅប្រទេស មានផលិតផលកសិកម្ម ឧស្សាហកម្ម… »។សម្តេចបវរធិបតីបានលើកឡើងទៀតថាកាលពីមុនកម្ពុជាយើងបាននាំចូលអ្វីទាំងអស់ តែក្រោយមកយើងផលិតនាំចេញគ្រឿងភេជ្ជៈ ខោអាវ ផលិតគ្រឿងបង្គុំអគ្គិសនី ផលិតរថយន្ត ដែលមានក្រុមហ៊ុនល្បីមកពីអាម៉េរិកផងដែរ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថារាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តដល់វិស័យគ្រឿងយន្តទាំងអ្នកវិនិយោគថ្មី និងអ្នកវិនិយោគចាស់ ដើម្បីធ្វើយ៉ាងណាឱ្យមានការប្រកួតប្រជែងគ្នាស្មើភាព។
សម្តេចថា កត្តាសន្តិភាពបានធ្វើឱ្យអ្នកវិនិយោគទុនមានទំនុកចិត្តក្នុងការដាក់ទុនវិនិយោគ ព្រោះថាបើប្រទេសគ្មានសន្តិភាពគ្មានអ្នកណាហ៊ានមកវិនិយោគនោះទេ។ចំណុចនេះត្រូវបានរាជរដ្ឋាភិបាលធានាបាន ផ្ទុយទៅវិញបើសិនរាជរដ្ឋាភិបាលរាប់អាណត្តិមកនេះមិនអាចគ្រប់គ្រងស្ថានភាពបាននោះទេ ក៏គ្មានអ្នកមកវិនិយោគ ឬពង្រីកខ្សែចង្វាក់ផលិតកម្មរបស់គេទេ៕
ដោយ៖ ប៊ុនរិទ្ធ




