ក្នុងឆ្នាំ២០២៤ ធានារ៉ាប់រងលើបញ្ហាសុខភាពស្ថិតនៅក្នុងលំដាប់សំណងខ្ពស់ជាងគេ បន្ទាប់មកទ្រព្យសម្បត្តិ និងអគ្គិភ័យ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥-- ក្នុងចំណោមធានារ៉ាប់រងទូទៅនៅកម្ពុជាដែលបានទូទាត់ក្នុងឆ្នាំ២០២៤ ក្នុងនោះគេឃើញថាស្ទើរតែ៤០ភាគរយហើយបានទូទាត់សំណងលើបញ្ហាសុខភាព និងបន្ទាប់មកក្រុមហ៊ុនធានារ៉ាបរងបានទូទាត់សំណងទៅលើទ្រព្យសម្បត្តិ និងអគ្គិភ័យ។នេះបើយោងតាមរបាយការណ៍ដែលបានបញ្ជាក់នៅក្នុងវេទិកាចែករំលែកព័ត៌មានអំពីបច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ដែលបានរៀបចំឡើងនាសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

បញ្ជាក់នៅក្នុងការធ្វើបទបង្ហាញ លោក នី លីហួង ប្រធានគណៈកម្មការអប់រំនៃសមាគមធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា សម្រាប់សំណងលើធានារ៉ាប់រងទូទៅដែលបានទូទាត់ក្នុងឆ្នាំ២០២៤ក្នុងនេះពោលគឺស្ទើរតែ៤០ភាគរយនៃសំណងធានារ៉ាប់រងទូទៅត្រូវបានទូទាត់សងសម្រាប់ការធានារ៉ាប់រងលើសុខភាព ក្នុងឆ្នាំ២០២៤។

លោកបានបញ្ជាក់បន្ថែមដែរថា សម្រាប់សំណងធានារ៉ាប់រងទូទៅដែលបានទូទាត់សរុបមានប្រមាណ៥៦លានដុល្លារអាមេរិក ក្នុងនោះសុខភាព២២,២លានដុល្លារអាមេរិក ទ្រព្យសម្បត្តិ និងអគ្គិភ័យ១៩,១ភាគរយលានដុល្លារ យានយន្ត១០,៤លានដុល្លារ គ្រោះថ្នាក់បុគ្គល២,២លានុដល្លារ វិស្វកម្ម៨៥ម៉ឺនដុល្លារ នាវាយន្តហោះដឹកជញ្ជូន១១ម៉ឺនដុល្លារ និងសំណងលើហានិភ័យផ្សេងៗ៩៤,៧ម៉ឺនដុល្លារ។ សម្រាប់ការផ្តល់ការធានាលើសុខភាព និងគ្រោះថ្នាក់ បុគ្គលសម្រាប់មនុស្ស ៧៩២.៣៦៥ នាក់បានផ្តល់ការធានាលើអាយុជីវិតសម្រាប់ មនុស្ស១,៤លាននាក់ បានផ្តល់ធានារ៉ាប់រងខ្នាតតូចសរុបចំនួន៨២៥.០២៦នាក់។

គួរបញ្ជាក់ថា ចំនួនក្រុមហ៊ុនធានារ៉ាប់រងគិតចាប់ពីឆ្នាំ១៩៩០ នៅពេលទីផ្សារធានារ៉ាប់រងកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងទូទៅតែ១គត់ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនធានារ៉ាប់រងមានសរុប៤០ ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រងបន្តមានចំនួន១ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧៕

ដោយ៖ ដេប៉ូ




