ពិធីបិទសិក្ខាសាលាស្តីពីការពង្រីកការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ក្រោមគម្រោង H-EQIP 2
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥-- ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានអញ្ជើញជាអធិបតីបិទអង្គសិក្ខាសាលា ស្តីពីការពង្រីកការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ក្រោមគម្រោង H-EQIP 2។

សិក្ខាសាលារៀបចំឡើងដើម្បីផ្សព្វផ្សាយដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ជាពិសេសមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ ក្នុងការពង្រីកការបំរើសេវាជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន។ ពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ ក្នុងការបំរើសេវាជំងឺមិនឆ្លងជូនប្រជាពលរដ្ឋ។ ជាលទ្ធផលស្ថាប័នពាក់ព័ន្ធរួមមាន អាជ្ញាធរថ្នាក់រាជធានី ខេត្ត ខណ្ឌ តំណាងអន្តរក្រសួង និងគ្រប់អង្គភាពមូលដ្ឋានសុខាភិបាលសាធារណៈ ជាពិសេសមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ សហការ និងគាំទ្រការពង្រីកការបំរើសេវាជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន។ បុគ្គលិកមណ្ឌលសុខភាពយល់ដឹង អំពីបច្ចុប្បន្នភាពនៃនិយាមជាតិសម្រាប់គ្រប់គ្រងជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម នៅកម្រិតថែទាំសុខភាពបឋម។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ និងជានាយកគម្រោងបានផ្តល់អនុសាសន៍សំខាន់ៗចំនួន០៤ រួមមាន៖ ១) ការការពារ និងការលើកកម្ពស់សុខភាព តាមរយៈការផ្លាស់ប្តូររបៀបរស់នៅប្រកបដោយ សុខភាព ការយល់ដឹងជាសាធារណៈលើកត្តាហានិភ័យដែលនាំឱ្យកើតមានជំងឺមិនឆ្លង និងកិច្ច សហការជាមួយសហគមន៍យ៉ាងជិតស្និទ។ ២) ការពិនិត្យរកទាន់ពេល តាមរយៈបង្កើនការពិនិត្យរកជំងឺមិនឆ្លង ជាពិសេសជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន លើប្រជាជនគោលដៅ ដើម្បីសម្រេចបាននូវគោលដៅឆ្នាំ២០៣០។ ៣) ការគ្រប់គ្រង និងការព្យាបាលឱ្យប្រសើរឡើង តាមរយៈធានាឱសថ បរិក្ខាសំខាន់ៗ សមស្រប ក្នុងការគ្រប់គ្រងជំងឺមិនឆ្លងនៅគ្រប់មូលដ្ឋានសុខាភិបាល។ ៤) គ្រប់គ្រងទិន្នន័យ និងការត្រួតពិនិត្យតាមដាន តាមរយៈពង្រឹងប្រព័ន្ធតាមដានជំងឺមិនឆ្លង ដោយប្រើប្រាស់ប្រព័ន្ធទិន្នន័យវេជ្ជសាស្រ្តអេឡិកត្រូនិក (EMR)។

សូមជម្រាបជូនថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល តំណាងអន្តរក្រសួងនានា គណ:អភិបាលរាជធានី ខេត្តទាំង២៥ មន្ទីរសុខាភិបាលរាជធានី ខេត្ត និងស្រុកប្រតិបត្តិ (OD) និងតំណាងដៃគូអភិវឌ្ឍន៍នានា៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)




