សម្តេចធិបតី ហ៊ុន ម៉ាណែត មិនហាមការនាំរថយន្តមួយទឹកឬជជុះពីក្រៅប្រទេសនោះទេ
AKP ពោធិ៍សាត់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥--ពីទឹកដីខេត្តពោធិ៍សាត់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្តេចមិន ហាមឃាត់ក្នុងការនាំរថយន្តមួយទឹកពីឬជជុះខាងក្រៅប្រទេសចូលមកកម្ពុជានោះទេ ប៉ុន្តែការនាំចូលរថយន្តមួយទឹកនោះត្រូវមានការត្រួតពិនិត្យពីបច្ចេកទេស សុវត្ថិភាព គុណភាពឱ្យបានត្រឹមត្រូវ(ឆៀក)។ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើង គ្រឿងបង្គុំរថ យន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក” នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥សម្តេចបវរធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមិនចាំបាច់ដាក់គោលការណ៍ហាមឃាត់មិនឱ្យនាំរថយន្តចូល ឬឡានជជុះចូលដើម្បីបង្ខំមនុស្សឱ្យទិញឡានថ្មីនៅក្នុងស្រុក ឬនាំចូលនោះទេ ។ គឺយើងបើកជម្រើសឱ្យប្រជាពលរដ្ឋ ដើម្បីឱ្យគាត់មានលទ្ធភាព ទិញឡានថ្មីជិះដែលចូលរួមកាត់បន្ថយបរិស្ថានផងដែរ»។

សម្តេចបវរធិបតីបានលើកឡើថា ការលើកលែងបន្ធូរបន្ថយពន្ធតាមប្រភេទណាមួយ បានជួយសម្រួលឱ្យមានការផលិតរថយន្តនៅក្នុងស្រុក និងដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការទិញ ថយន្តជិះក្នុងតម្លៃសមរម្យ ទាំងឡានថ្មី ដែលផលិតដោយក្រុមហ៊ុនល្បីនៅក្នុងស្រុក ឬឡាន មិនផលិតក្នុងស្រុក។

ជាមួយគ្នានោះដែរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា រាជរដ្ឋាភិបាល បានបង្កើតជម្រើសទីផ្សារសេរីដល់ប្រជាពលរដ្ឋក្នុងការទិញរថយន្ត។ដូច្នេះរាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យមានការបង្កើតក្រុមហ៊ុនផលិតរថយន្ត ផ្តុំរថយន្តនៅកម្ពុជាគឺជាគោលការណ៍មួយដែលត្រូវដោះស្រាយ។ ចំពោះការដោះស្រាយបញ្ហាផលិតរថយន្ត ផ្តុំរថយន្តជាគោលការណ៍របស់ របស់រាជរដ្ឋាភិបាល ហើយមិនដាក់លក្ខខណ្ឌណាមួយក្នុងការមិននាំចូលរថយន្ត ចាស់ចូលនោះទេ។

សម្តេចបវរធិបតីបានលើកឡើងថា ប្រទេសនៅបណ្តាប្រទេសអាស៊ានបានហាមឃាត់មិនឱ្យមានការនាំឡានចាស់នោះទេ។ ប៉ុន្តែកម្ពុជាអត់មានការហាមឃាត់នោះទេ តែត្រូវពិនិត្យស្តង់ដាបច្ចេកទេសសុវត្ថិភាព ត្រឹមត្រូវ៕
ដោយ៖ ប៊ុនរិទ្ធ




