ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឱ្យបង្កើនការបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ដើម្បីពង្រឹងសន្តិសុខភូមិ ឃុំ សង្កាត់
AKPបន្ទាយមានជ័យថ្ងៃទី២២ខែមេសាឆ្នាំ២០២៥--ក្នុងគោលដៅធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ទូទាំងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើង។

បទបញ្ជានេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីគោរពទង់ជាតិ កាលពីព្រឹកថ្ងៃច័ន្ទ ទី២១ខែមេសាឆ្នាំ២០២៥បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តតួនាទី ភារកិច្ចរបស់កម្លាំងនគរបាលឱ្យបានល្អប្រសើរ ការពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណៈ សេវាសន្តិសុខសង្គម និងការបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សានូវបរិយាកាសសុខសាន្តក្នុងសង្គម។

ស្របនឹងបទបញ្ជារបស់ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ កម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានបន្តសកម្មភាពចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន ផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សសាលា និងប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យកាន់តែទូលំទូលាយថែមទៀត។

សកម្មភាពផ្សព្វផ្សាយនេះ ត្រូវបាននគរបាលចាត់ទុកជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការបញ្ជ្រៀបការយល់ដឹងដល់យុវជន និងប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃបទល្មើសផ្សេងៗ និងការលើកកម្ពស់ការគោរពច្បាប់។ លើសពីនេះ វាគឺជាការបន្តពង្រឹងកិច្ចសហការដ៏ល្អរវាងកម្លាំងនគរបាល និងប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅក្នុងភូមិ ឃុំ សង្កាត់ គឺជាកិច្ចការអាទិភាពចម្បងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកបានជំរុញឱ្យកម្លាំងនគរបាលទាំងអស់ បង្កើនស្មារតីទទួលខុសត្រូវ បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់ ដើម្បីធានាបាននូវសង្គមមួយដែលមានសុខសន្តិភាព និងរីកចម្រើន។
តាមរយៈបទបញ្ជាដ៏ម៉ឺងម៉ាត់ និងសកម្មភាពចុះផ្សព្វផ្សាយជាបន្តបន្ទាប់នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕
ដោយ៖ ឈុនសារ៉ាត




