ឧត្តមសេនីយ៍ទោ ហេង សុផលដាក់គោលការណ៍០៨ចំណុចដល់កងកម្លាំងនគរបាលជាតិ សំដៅរក្សាបានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ជូនសង្គមជាតិនិងប្រជាពលរដ្ឋ
AKPកំពង់ធំថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥--ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំដាក់គោលការណ៍០៨ចំណុចដល់កងកម្លាំងនគរបាលជាតិសំដៅរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនសង្គមជាតិនិងប្រជាពលរដ្ឋ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែមេសានិងលើកទិសដៅអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៥។

នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីនគរបាលប្រមាណ២០០នាក់ឧត្តមសេនីយ៍ទោ ហេង សុផលបានមានប្រសាសន៍លើកឡើងអំពីស្នាដៃ គុណបំណាច់របស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តដែលបានលះបង់កម្លាំងកាយចិត្ត សេចក្តីសុខផ្ទាល់ខ្លួនចូលរួមបំពេញបេសកកម្មការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេលកន្លងទៅថ្មីៗនេះ ធានាបានសុខសុវត្ថិភាពល្អ ពុំមានហេតុការណ៍អ្វីមួយ កើតមានឡើងគួរឱ្យកត់សម្គាល់ឡើយ។

ឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវគោលការណ៍០៨ចំណុវ ដល់ ផែនការងារជំនាញនិងអធិការនគរបាលទាំង០៩ក្រុង-ស្រុក រួមមាន÷១.ពង្រឹងរបៀបរបបការងារជំនាញ បែបបទការងាររដ្ឋបាល។ ២.ការងារចរាចរណ៍ផ្លូវគោក (បន្តការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក តាមគ្រិះស្ថាន សាលារៀន មជ្ឈមណ្ឌល រោងចក្រសហគ្រាសបញ្ជ្រាបការយល់ដឹង និងបំផុសស្មារតីឱ្យមានការចូលរួមប្រុងប្រយ័ត្ន ចំពោះហានិភ័យ ដែលកើតមានឡើងអំពីគ្រោះថ្នាក់ចរាចរណ៍)។(ប្រើប្រាស់វិធានការរដ្ឋបាល ចុះល្បាតចល័ត ត្រួតពិនិត្យតាមភូមិសាស្ត្រតាមតម្រ៉ាយផ្លូវគោលដៅងាយរងគ្រោះ)។(ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក)។

៣.បទល្មើសព្រហ្មទណ្ឌ លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ ទោះបីជាបទល្មើសមានការថយចុះយ៉ាងណាក្តី សូមមន្ត្រីជំនាញ ត្រូវបន្តពង្រឹងវិធានការជំនាញ វិធានការរដ្ឋបាល គ្រប់គ្រង ត្រួតត្រា ស្រាវជ្រាវ ចងក្រងសំណុំរឿងចាត់ការតាមនីតិវិធី។ ៤.ការងារផ្ដល់អត្តសញ្ញាណប័ណ្ណ បង្កើនសេវាសាធារណៈជូនប្រជាពលរដ្ឋ រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ៥.ការងារ ប្រឆាំងគ្រឿងញៀន លើកទឹកចិត្ត ដល់មន្ត្រីជំនាញ បង្ក្រាបបទល្មើសគ្រឿងញៀន ដូចភ្លៀងរលឹម សំដៅទប់ស្កាត់ កាត់បន្ថយ បទល្មើសគ្រឿងញៀន ដែលកើតមានឡើងតាមមូលដ្ឋាន ។ ៦.រៀបចំវេទិកាសាធារណៈ ផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង ០៧ យ៉ាង នៃគោលនយោបាយ"ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព" ដល់ប្រជាពលរដ្ឋ និងទទួលយកយោបល់ បញ្ហាប្រឈម ក្ដីកង្វល់ ធ្វើការដោះស្រាយ ជូនពួកគាត់ឱ្យបានទាន់ពេលវេលា ។

៧.ការងារអន្តោប្រវេសន៍ គ្រប់គ្រងត្រួតពិនិត្យបម្រែបម្រួលវត្តមានជនបរទេសដែលស្នាក់នៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំនិង៨.បន្តថែរក្សាការងារសាមគ្គីភាពជាមួយមន្ត្រីរាជការកងកម្លាំងជុំវិញខេត្ត ដោយកិច្ចសហការល្អ៕

ដោយ៖ ស៊ុម វណ្ណា, ប្រភព៖ ស្នងការនគរបាលខេត្តកំពង់ធំ




