កងការពារព្រំដែន៥០២ សាងសង់ផ្ទះស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥--លោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ៥០២ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានចាត់ឱ្យលោកវរសេនីយ៍ទោ ឈា នៀវ មេបញ្ជាការរង និងលោកវរសេនីយ៍ទោ កែ សេរីវឌ្ឍន៍ សេនាធិការកង៥០២ ដឹកនាំកម្លាំងអន្តរាគមន៍ចំនួន ២៥នាក់ បានជួយរុះរើ ជូនប្រជាពលរដ្ឋ ១ខ្នង ស្ថិតនៅក្រុមទី១៥ ភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង រងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ។

មេគ្រួសារដែលភ្លើងឆេះផ្ទះមានឈ្មោះ គុល សារិទ្ធ ភេទស្រី អាយុ ៦៧ឆ្នាំ ជាស្រ្តីមេម៉ាយ មូលហេតុឆ្លងចរន្តអគ្គិសនីនៅពេលគាត់ទៅស៊ីឈ្នួលបេះម្រេចគ្មានអ្នកនៅផ្ទះ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩:៤៥នាទីព្រឹក បណ្តាលឱ្យខូចខាតផ្ទះ ១ខ្នង ទំហំ ៦ម៉ែត្រគុណ៧ម៉ែត្រធ្វើពីឈើប្រក់សង្ក័សី ឯកសារសំខាន់ៗមួយចំនួន និងទ្រព្យសម្បត្តិផ្សេងៗ។ ករណីរងគ្រោះខាងលើនេះ លោកមេបញ្ជាការកង៥០២ អង្គភាពក៏បានជួយឧបត្ថម្ភនូវ សង្ក័សីចំនួន ២០ សន្លឹក អង្ករ ១ការ៉ុងតូច ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ប៊ីចេង.អំបិល.ស្ករស ១មុខ ១កញ្ចប់ និងថវិកា ៤០០ ០០០រៀល កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ តាមរយៈក្រុមការងារចុះជួយមូលដ្ឋានឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

ក្នុងសកម្មភាពជួយរុះរើនេះ លោកវរសេនីយ៍ទោ ឈា នៀវ មេបញ្ជាការរង និងលោកវរសេនីយ៍ទោ កែ សេរីវឌ្ឍន៍ សេនាធិការកង៥០២ ព្រមទាំងអាជ្ញាធរ ភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានមកសហការជួយគ្នាឱ្យកម្លាំងឡើងទៅរុះរើ និងជញ្ជូនសំណល់ផ្ទះដែលនៅសេសសល់ពីភ្លើងឆេះរៀបចំទុកដាក់ ព្រមទាំងបានសង់ជម្រកបណ្តោះអាសន្នជូនគាត់ ១ខ្នង ទំហំ ៣ម៉ែត្រ គុណ ៥ម៉ែត្រ ផងដែរ ៕


ដោយ ៖ណយ នឿន (ប្រភព៖កងទ័ពជើងគោក)




