ភាគីពាក់ព័ន្ធបើកិច្ចប្រជុំស្តីពី ការពង្រឹងកិច្ចសហការ និងវិធានការការពារសន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ បោះឆ្នោត ឆ្នាំ២០២៥
AKP កណ្តាល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥--លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងលោក ផាន់ ឬទ្ធិពល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកណ្តាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី “ការពង្រឹងកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់” សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដោយបានការអញ្ជើញចូលរួមពី រដ្ឋបាលក្រុង ស្រុកទាំង១៣ តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផងដែរ។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ភាគីពាក់ព័ន្ធនានា ដែលកន្លងមកតែងតែបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ។ ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការពិនិត្យបញ្ជីឈ្មោះបញ្ជីបោះឆ្នោត នឹងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំបោះ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ នឹងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោតផងដែរ ។ ដើម្បីសម្រេចបាននូវបញ្ជីបោះឆ្នោតល្អតាមលក្ខណៈខាងលើនេះ ប្រជាពលរដ្ឋ មន្ត្រីបោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធត្រូវរួបរួមគ្នាគោរពច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប នឹងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល បានយកចិត្តទុកដាក់លើបញ្ហានេះផងដែរ ដោយបានដាក់ចេញនូវផែនការការពារ និងបានកំណត់យ៉ាងច្បាស់អំពីគោលបំណង មុខសញ្ញា និងគោលដៅសំខាន់ៗ ដែលត្រូវការពារជាអាទិភាពព្រមទាំងរៀបចំយន្តការ- រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត ដើម្បីឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងរៀបចំកម្លាំងការពារយ៉ាងជាក់លាក់ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម។

លោក ផាន់ ឬទ្ធិពល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកណ្តាល បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះមានរយៈពេល ២៦ថ្ងៃ តែបណ្ណោះ គឺចាប់ ពីថ្ងៃទី១ ដល់ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៥ ពិតមែនតែឆ្នាំ២០២៥ នេះ ពុំមានការរៀបចំការបោះឆ្នោតសកលក្តីតែការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះគឺជាឆ្នាំដំបូងនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីរមាត្រ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ត្រូវអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេចផែនការមេ និងប្រតិទិនដែលបានកំណត់ ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)




