ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia
AKP ពោធិ៍សាត់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៩២។ ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយក្នុងឃ្លាំងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ ក្រុមហ៊ុនមានបុគ្គលិកសរុបជាង៤,០០០ នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣ នាក់។
បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននាំចូលនិងចែកចាយផ្តាច់មុខនូវរថយន្តម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តម៉ាក Ford, Jaguar Land Rover, Jeep, RAM, Peugeot, ChangAn, Deepal, Mercedes-Benz, និងរថយន្តដឹកធន់ធ្ងន់ម៉ាក Fuso ជាដើម។

រថយន្ត Ford បានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជារហូតដល់ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទីផ្សាររថយន្តថ្មី អស់រយៈពេល ៦ ឆ្នាំជាប់ៗគ្នា ដោយគិតចាប់ពីឆ្នាំ២០១៩ មកដល់ពេលបច្ចុប្បន្ន៕
ដោយ៖ គង់ សិរីរ័ត្ន




