ពិធីបើកវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥-- វគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគី កម្ពុជា-ជប៉ុន-អ.ស.ប កម្ពុជា-អូស្ត្រាលី-អ.ស.ប កម្ពុជា-កូរ៉េ-អ.ស.ប លើជំនាញវិស្វកម្មធុនធ្ងន់កម្រិតមូលដ្ឋាន និងការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមមកពីប្រទេសប៊ូតាន បង់ក្លាដែស ឥណ្ឌូនេស៊ី ប៉ាហ្គីស្ថាន និងកម្ពុជាសរុបចំនួន៦០នាក់ ដើម្បីធ្វើការហ្វឹកហ្វឺនរយៈពេលវែងរហូតដល់ពាក់កណ្តាលឆ្នាំ២០២៦ ដែលមានយោធាចារ្យមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង អង្គការសហប្រជាជាតិ អូស្រ្តាលី និងកាណាដា ចូលរួមផ្តល់ការហ្វឹកហ្វឺន ដែលបានធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


ក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺនខាងលើនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកទី៣ហើយ ក្នុងគោលបំណងបង្កើនសមត្ថភាពលើជំនាញបច្ចេកទេសបញ្ជា-ថែទាំគ្រឿងចក្រវិស្វកម្មធុនធ្ងន់ ជាមួយការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់ នៃគ្រឿងផ្ទុះ/ គ្រឿងផ្ទុះកែច្នែ (IED/C-IED) ក្នុងពេលប្រតិបត្តិការ ក្នុងដំណាក់កាលបឋមឱ្យមានគុណវុឌ្ឍិ និងស្ទាត់ជំនាញ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាកងកម្លាំងបរទេស ដើម្បីគាំទ្រដល់ប្រតិបត្តិការឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាមតម្រូវការនៃបេសកកម្មរបស់អង្គការសហប្រជាជាតិ ដោយវគ្គហ្វឹកហ្វឺននេះមានកិច្ចសហការពីត្រីភាគី កម្ពុជា-ជប៉ុន-អ.ស.ប កម្ពុជា-អូស្ត្រាលី-អ.ស.ប កម្ពុជា-កូរ៉េ -អ.ស.ប៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព)




