ពិធីបិទផ្សាយឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន០៥ភូមិ ក្នុងស្រុកមុខកំពូល
AKP កណ្តាល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥-- លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអំពាវនាវដល់បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ ទាំងឡាយ ដែលមានក្បាលដីស្ថិតនៅភូមិចំនួន០៥ ក្នុងឃុំស្វាយអំពារ និងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សូមអញ្ជើញមកផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយ ហើយក្នុងករណីមានការខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី បងប្អូនអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុង ឯកសារវិនិច្ឆ័យ ដើម្បីធ្វើការកែសម្រួលឱ្យត្រឹមត្រូវឡើងវិញ ដែលមានរយៈពេល១៥ ថ្ងៃគឺចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ជាកំណត់។


លោកអភិបាលរងខេត្តកណ្តាលបានធ្វើការអំពាវនាវបែបនេះ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន០៥ភូមិ គឺភូមិស្វាយអំពារ ភូមិថ្មី ភូមិឈើទាលភ្លោះ ភូមិក្រុងស្វាយ ឃុំស្វាយអំពារ និងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល មានចំនួន ៧ ៣១២ក្បាលដី នៅវត្ដវេឡុនារាម (ហៅវត្ដស្វាយអំពារ) ស្ថិតនៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ការបិទផ្សាយជាសាធារណៈនេះ គឺដើម្បីធានាបាននូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវស្របច្បាប់ដោយទុកឱកាសអោយ លោកតា លោកយាយ មា មីង បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ ទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុង ឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នក កាន់កាប់ដី។ ហើយការជំទាស់តវ៉ាអាចធ្វើបានរយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដីនឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ តាមការព្រមព្រៀង។ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល ១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវសម្រាប់ការចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងវិស័យដីធ្លី និងជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្តបានបន្ថែមទៀតថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ គឺសំដៅបំពេញនីតិវិធីឈានដល់ការចេញ ប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និង ស្ថេរភាពសង្គម គោលនយោបាយ និងយុទ្ធសាស្ត្រនានាដើម្បី អភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើ ការផ្តល់សេវាគាំទ្រនានា ព្រមទាំង គោលនយោបាយ អភិវឌ្ឍជនបទ សំដៅបង្កើតឱកាសឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ក្នុងការបង្កើនចំណូលប្រចាំគ្រួសារ។ ដូច្នេះការបិទផ្សាយនៅពេលនេះគឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឱ្យកាន់តែកើនឡើងថែមទៀត៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)




