បើកសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ នៃក្រសួងកិច្ចការនារី»
AKP,ភ្នំពេញថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥---
ក្រសួងកិច្ចការនារី សហការជាមួយក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ នៃក្រសួងកិច្ចការនារី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) និងវត្តមានលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកិច្ចការនារី ប្រធាន និងអនុប្រធានមន្ទីរកិច្ចការនារីទាំង២៥រាជធានី ខេត្ត សរុបប្រមាណ ៣២៩នាក់ (ស្រ្តី ២៤៦នាក់) នៅទីស្តីការក្រសួងកិច្ចការនារី។



សិក្ខាសាលានៅថ្ងៃទី២១ខែមេសាឆ្នាំ២០២៥រៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារក្នុងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងកិច្ចការនារី និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង២ ក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួងកិច្ចការនារី ក្រោមក្របខណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយការប្ដេជ្ញាចិត្តខ្ពស់ ការចូលរួមដោយស្មោះត្រង់ និងការលះបង់រួមគ្នាក្នុងការកែទម្រង់រដ្ឋបាលសាធារណៈឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ ស្របតាមស្មារតី និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល រួមទាំងផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងកិច្ចការនារី)




