អង្គការ Oxfam បើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ទឹកស្អាត និងអនាម័យ
AKP ភ្នំពេញថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥--
អង្គការអុកស្វាម Oxfam បានបើកវគ្គបណ្ដុះបណ្ដាលចំនួន ៣ ស្ដីពីការងារទឹកស្អាត និងអនាម័យ សមភាពយេនឌ័រ និងបរិយាបន្នពិការភាព ទៅកាន់សិក្ខាកាមដែលមានសមាសភាពរួមមានគណៈកម្មាការទឹកស្អាត និងអនាម័យ ជនបង្គោលភូមិ ឃុំ ក្រុមឳពុកម្ដាយ និងប្រតិបត្តិករស្ថានីយ៍ផលិតទឹកស្អាត មកពីស្រុកពួក ស្រុកប្រាសាទបាគង និងស្រុកវ៉ារិន នៃខេត្តសៀមរាប ដើម្បីលើកកម្ពស់ទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ននៅកម្រិតមូលដ្ឋាន។

អង្គការ Oxfam បានឱ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ថា វគ្គបណ្តុះបណ្តាលដែលបានបើកកាលពីពេលថ្មីៗនេះ បានពង្រឹងចំណេះដឹងបន្ថែមសម្រាប់សិក្ខាកាមក្នុងការរួមបញ្ចូលគោលការណ៍សមភាពយេនឌ័រ និងបរិយាបន្នពិការភាព ទៅក្នុងសកម្មភាពទឹកស្អាត និងអនាម័យនៅក្នុងសាលា និងសហគមន៍ យើងរំពឹងថាសិក្ខាកាមនឹងបន្តចូលរួមលើកកម្ពស់ការយល់ដឹងនេះក្នុងចំណោមសិស្សានុសិស្ស និងសមាជិកសហគមន៍ ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោល។



គំនិតផ្ដួចផ្ដើមនៃការបើក វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោង FOWASH ដែលទទួលបានការគាំទ្រដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងអនុវត្តសកម្មភាពដោយអង្គការអុកស្វាម សហការជាមួយនឹង អង្គការយូរីដូ ៕
ដោយ៖ណយ នឿន (ប្រភព៖Oxfam)




