អភិបាលរងខេត្តព្រះសីហនុទទួលជួបសម្តែងការគួរសមជាមួយមេបញ្ជាការនាវាកងទ័ពស្វ័យការពារជើងទឹកជប៉ុន
AKP ព្រះសីហនុ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥--
លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ ទទួលស្វាគមន៍លោក វរនាវីឯក ស៊ីនសូកេ អាម៉ាណូ (Shinsuke Amano) មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ នាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុន និងសហការី ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍វត្តមានលោកមេបញ្ជាការ និងមេបញ្ជាការនាវា JS BUNGO (MST-464) និង JS ETAJIMA (MSO-306) មកបំពេញទស្សនកិច្ចផ្លូវការលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រងនៃខេត្តព្រះសីហនុ នាវាកងស្វ័យការពារជើងទឹកជប៉ុន ជានាវាដំបូងដែលបានចូលចតកំពង់ផែមូលដ្ឋានជើងទឹករាម បានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការចូលចតនាវាកងស្វ័យការពារជើងទឹកជប៉ុននាពេលនេះ បង្កើនជំនឿទុកចិត្តរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ និងបន្តពង្រឹងពង្រីកថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
លោកអភិបាលរងបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត សីហនុ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ជាខេត្តមានសក្តានុពលខ្ពស់សម្បូរទៅដោយធនធានធម្មជាតិដ៏សម្បូរបែប ខេត្តចែកចេញជា ៣ក្រុង ៣ស្រុក ស្មើនឹង ១៨ឃុំ និង ១១ សង្កាត់ ស្មើនឹង ១១១ភូមិ។ ខេត្តមានកោះធំ-តូច ៣២ និងឆ្នេរសមុទ្រប្រវែង ១៧៥,៨១ គីឡូម៉ែត្រ មានប្រជាជនប្រមាណ ៣១ម៉ឺននាក់។ វិស័យដែលមានសក្តានុពលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរួមមាន វិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជ កម្ម ទេសចរណ៍ កសិឧស្សាហកម្ម និងមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលជ្រើសរើសខេត្តព្រះសីហនុ ជា "តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ជាមជ្ឈមណ្ឌលឧស្សា ហកម្ម ផលិតកម្ម បែបបច្ចេកវិទ្យាទំនើបមានសុខដុមនីយកម្មជាមួយនឹងការការពារ និងថែរក្សាបរិស្ថាន។ ក្រៅពីនេះខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវដែក ទីលានទុកដាក់សំរាមស្តង់ដារជាដើម ជាពិសេសកំពង់ផែសមុទ្រទឹកជ្រៅ ដែលរាជរដ្ឋាភិបាលបានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ទី២ និងទី៣ បន្ថែមទៀតអនុញ្ញាតឱ្យកម្ពុជា មានសមត្ថភាពដឹកជញ្ជូនទំនិញចេញ-ចូលពីកម្ពុជាទៅកាន់បណ្ដាកំពង់ផែទូទាំងពិភពលោក។ ជាពិសេសកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ១លានTEUs។

ទន្ទឹមនឹងនេះ លោកអភិបាលរងបានបញ្ជាក់បន្ថែមទៀតថា ទំនងទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន បានបង្កើតនៅឆ្នាំ១៩៥៣ ហើយឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧២ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ ប្រទេសជប៉ុនតែងផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា និងមានការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំជាដើម។
លោក វរនាវីឯក ស៊ីនសូកេ អាម៉ាណូ មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ បានថ្លែងអំណគុណលោកអភិបាលរងខេត្ត និងសហការរី ដែលបានធ្វើការពន្យល់ពីសក្តា នុពលរបស់ខេត្តព្រះសីហនុ នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុនបានចូលចតនៅមូលដ្ឋានសមុទ្ររាមជាការចូលចតលើកទីមួយសម្រាប់នាវាបរទេស។ ជប៉ុន និងកម្ពុជា មានទំនាក់ទំនងការទូតរយពេល ៧២ឆ្នាំ។ នាវាស្វ័យការពារជើងទឹកជប៉ុនបានចាកចេញពីប្រទេសជប៉ុនកាលពីខែមករា ២០២៥ ក្នុងបេសកម្មតាមផ្លូវសមុទ្រ នៃប្រទេសដែលនាវាបានចូលចត ហើយការចូលចតនៅមូលដ្ឋានសមុទ្ររាមជាលើកទីមួយ ក្រោយពីមូលដ្ឋានសមុទ្រនេះ បានធ្វើទំនើបកម្មរួចមក។

លោកមេបញ្ជាការនាវាស្វ័យការពារជើងទឹកជប៉ុនបានបន្ថែមថា កាលពីខែ១២ ឆ្នាំ ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា ជប៉ុនជាប្រទេសទី១ ក្នុងការចូលចតនាវាស្វ័យការពារជើងទឹកនៅមូលដ្ឋានសមុទ្ររាម។ ការសម្ពោធផែនៅមូលដ្ឋានសមុទ្ររាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កំពង់ផែសមុទ្ររាម និងទទួលនាវាកងទ័ពជើងទឹកមកពីគ្រប់បណ្តាប្រទេស ហើយប្រទេសជប៉ុន បានបញ្ចូននាវាស្វ័យការពារជើងទឹក មកបំពេញទស្សនកិច្ចនៅកម្ពុជាមុនគេ ចំពោះនាវិក នៃនាវាទាំងពីរគ្រឿង បានដើរលេងយ៉ាងសប្បាយរីករាយ បានឃើញនូវវប្បធម៌ អរិយ្យធម៌កម្ពុជា ខេត្តព្រះសីហនុ ជាខេត្តល្បីមួយផងដែរនៅក្នុងប្រទេសជប៉ុន ចំពោះប្រជាពលរដ្ឋកម្ពុជា តែងតែមានការស្វាគមន៍ដោយលើកដៃសំពះ ហើយប្រជាជនជប៉ុនតែងតែសំពះមុននឹងញាំបាយជាការបង្ហាញពីការគោរពគ្នាទៅវិញទៅមក ជប៉ុន និងកម្ពុជា មានវប្បធម៌ និងទំនៀមទម្លាក់ប្រហាក់ប្រហែលគ្នា៕
ដោយ ងូ សុមុនី




