សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកមួយចំនួនយកតែរឿងមិនប្រក្រតីមួយ មកវាយប្រហារលើរាជរដ្ឋាភិបាល
AKP កំពត ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាមានអ្នកខ្លះ យកតែរឿងមិនប្រក្រតីតែមួយមកវាយប្រហារលើរាជរដ្ឋាភិបាល ខណៈមានភាពល្អជាច្រើនមិនព្រមមកជួយផ្សព្វផ្សាយនោះទេ។

សម្តេចបវរធិបតីហ៊ុន ម៉ាណែតបានគូសបញ្ជាក់នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ អន្តរជាតិកំពតនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ថា «ខ្ញុំគិតថាគួរតែមើលអ្វីដែលវិជ្ជមានទៅ កុំទៅយករឿងអវិជ្ជមាន។ប្រជាពលរដ្ឋយើងស្លៀកពាក់ប្រពៃណីខ្មែរមួយគគោថតនៅអង្គរវត្ត ហើយក៏មានជនបរទេសក៏ស្លៀកពាក់ប្រពៃណីខ្មែរយើងថតដែរ ម៉េចមិនផ្សព្វផ្សាយ? គ្រាន់តែមានម្នាក់ដោះអាវនៅស្វាយរៀងនោះ គេផ្តោតតែអាហ្នឹង ហើយជេរមករាជរដ្ឋាភិបាល ថាអសីលធម៌ ខូចប្រពៃណីខ្មែរអស់ហើយ។ ទាក់ទិននឹងអ្នកដែលដោះអាវនៅចំពោះមុខមហាជនកំពុងរាំលេងនៅខេត្តស្វាយរៀងនៅថ្ងៃចូលឆ្នាំកន្លងមកនេះ ត្រូវបានសម្តេចបវរធិបតីបានលើកឡើងថា ជារឿងរបស់នាក់នោះ ហើយ បានណែនាំរួចហើយ និងមិនគាំទ្រនោះទេ»។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«ម្នាក់ហ្នឹងគាត់ធ្វើជារឿងរបស់គាត់ ហើយ យើងបានណែនាំរួចហើយ ហើយយើងមិនគាំទ្រទេ ប៉ុន្តែយើងគួររួមគ្នាផ្សព្វផ្សាយអ្វីដែលវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមានឱ្យបានច្រើននេះហើយដែលជាការលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ ជាចំណុចល្អ។ ផ្ទុយទៅវិញបើសិនយើងនាំគ្នាផ្សព្វផ្សាយរឿងអវិជ្ជមានហើយ ផ្តោតលើអ្វីអវិជ្ជមាននោះប្រទេសយើងនឹងរលាយហើយ»។

សម្តេចបវរធិបតីបានបន្ថែមថា រាល់បញ្ហាអវិជ្ជាមានត្រូវតែមានដំណោះស្រាយ ហើយត្រូវតែអបអរសាទរអ្វីដែលយើងរួមគ្នាធ្វើបាន ដើម្បីជាមូលដ្ឋាន និងថាមពលបន្តដំណើរទៅមុខទៀត។ សមិទ្ធផលដែលយើងធ្វើបាននេះ បានធ្វើឱ្យមានមោទនភាពថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នេះ ជាសមទ្ធិផលទី១ឆ្នាំថ្មីនេះ៕
ដោយ៖ ប៊ុនរិទ្ធ




