ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យស្ថានភាពភូមិសាស្ត្រ និងសក្ដានុពលដែលក្រសួងអភិវឌ្ឍន៍ជនបទគ្រោងរៀបចំជាភូមិគំរូគន្លឹះ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តមអនុរដ្ឋលេខាធិការ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញទៅពិនិត្យស្ថានភាព និងសក្ដានុពល ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដែលក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងរៀបចំ ជាភូមិគំរូគន្លឹះ។ ភូមិកូនសត្វមានប្រជាពលរដ្ឋរស់នៅចំនួន ៥៨៦គ្រួសារ ស្មើនឹង ២ ០៣៩នាក់ ស្រី១ ២៥០នាក់ និងមានសក្ដានុពលលើការបង្កបង្កើនផលស្រូវ ចម្ការ និងដាំដំណាំសំខាន់ៗ រួមមាន ស្វាយ មេ្រច ទុរេន ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប្រទាក់ក្រឡា ដែលជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងក្រុមការងារ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ដោយបាននាំយកនូវប្រសាសន៍សួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍតំបន់ជនបទឱ្យមានការរីកចម្រើន ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ ក្នុងការជួយអភិវឌ្ឍនៅតំបន់ជនបទ ជាពិសេសការលើកកម្រិតគុណភាពផ្លូវពីផ្លូវក្រាលល្បាយដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវក្រាលបេតុង ដែលមានភាពធន់នឹងអាកាសធាតុ លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងបង្គន់អនាម័យ ការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិតដើម្បីឱ្យប្រជាពលរដ្ឋមានមុខរបរ និងរកប្រាក់ចំណូលបន្ថែម ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនបទឱ្យមានភាពស៊ីវិល័យ។


ឯកឧត្តមរដ្ឋមន្ដ្រី និងក្រុមការងារក៏បានអញ្ជើញទៅពិនិត្យស្ថានភាពការបង្កបង្កើនផលដំណាំរបស់សហគមន៍ រួមមានបន្លែននោង ប៉េងប៉ោះ និងដំណាំពោតជាដើម។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សិក្សាបន្ថែមអំពីតម្រូវការរបស់សហគមន៍ តាមវិស័យ ដើម្បីបំពេញបន្ថែម តាមរយៈកម្មវិធីត្រី-វិស័យ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាសហថាមពល។

បន្ទាប់ពីបានពិនិត្យសក្តានុពលភូមិរួចមក ឯកឧត្តមរដ្ឋមន្ដ្រីបានអញ្ជើញទៅពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវ១ខ្សែ (កូនសត្វ-ព្រៃធំ) ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងក្រាលបេតុង ប្រវែង ៨,៥៦គ.ម មានលូមូលចំនួន ១៣កន្លែង និងលូប្រអប់ចំនួន ២កន្លែង តភ្ជាប់ពីភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ខេត្តកែប។ ផ្លូវនេះបានបើកការដ្ឋាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បច្ចុប្បន្នមានវឌ្ឍនភាព៩៦,៧៥% ហើយគ្រោងនឹងបញ្ចប់នៅពេលខាងមុខដ៏ខ្លីនេះ។ ប្រជាពលរដ្ឋដែលទទួលផលពីខ្សែផ្លូវនេះមានចំនួន ៥ ៨៦៤ គ្រួសារ ស្មើនឹង ២៧ ២២៧នាក់ ដោយឆ្លងកាត់សាលារៀន វត្តអារាម និងមានប្រជាពលរដ្ឋលក់ដូរតាមខ្សែផ្លូងជាច្រើនផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)




