វគ្គបណ្ដុះបណ្ដាលស្ដីពី «ការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា កម្រិតមធ្យមសិក្សា» នៅខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥-- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ សហការជាមួយអង្គការស៊ីប៉ា ក្រោមក្របខ័ណ្ឌនៃការអនុវត្តគម្រោងអភិវឌ្ឍន៍យុវជន ដំណាក់កាលទី២ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា កម្រិតមធ្យមសិក្សា» នៅអគារធនធាននៃវិទ្យាល័យជាស៊ីមតាកែវ ក្រុងដូនកែវ។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានប្រារព្ធពិធីបើកក្រោមវត្តមានរបស់លោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងលោកស្រី ម៉ៅ កូឡាប ប្រធានគ្រប់គ្រងគម្រោងរបស់អង្គការស៊ីប៉ា ដោយមានការចូលរួមពីក្រុមការងារគ្រូឧទ្ទេសថ្នាក់ជាតិផ្នែក CGC និងសិក្ខាកាមចូលរួមសរុប ៤៩នាក់ ស្រី ១០នាក់។

លោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានជំនាញ បានមានប្រសាសន៍លើកឡើងអំពីគោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ថាជាការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំនៃវិទ្យាល័យគោលដៅ និងស្ថាប័នដៃគូពាក់ព័ន្ធ លើផ្នែកទ្រឹស្ដី ការដឹកនាំយន្ដការបច្ចេកទេស និងសកម្មភាពការងារនានា ក្នុងដំណើរការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សា កម្រិតមធ្យមសិក្សា ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍យុវជន ដំណាក់កាលទី២ សំដៅពង្រឹងសមត្ថភាពពេញលេញដល់ប្រតិបត្តិករនៅតាមសាលារៀន។ បន្ថែមលើនេះ លោកប្រធានបានមានមតិផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមក្នុងដំណើរការវគ្គឱ្យបានសកម្ម និងប្រឹងប្រែងសិក្សារៀនសូត្រទទួលយកចំណេះដឹងថ្មី ដើម្បីមានលទ្ធភាពកាន់តែប្រសើរក្នុងការគ្រប់គ្រង ដឹកនាំអនុវត្តសកម្មភាពនេះ នៅតាមសាលារៀនរបស់ខ្លួន។

គួររំលឹកផងដែរថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងអភិវឌ្ឍន៍យុវជន ដំណាក់កាលទី២ (២០២៥-២០២៧) អង្គការស៊ីប៉ា បានសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តផែនការសកម្មភាពគម្រោងតាមឆ្នាំនីមួយៗដោយផ្ដោតលើគោលបំណងធំៗចំនួន ៣ចំណុច ដែលទី១. ពង្រឹងលទ្ធផលនៃការសិក្សារបស់សិស្សតាមរយៈសេវាបណ្ណាល័យទំនើប ទី២. ពង្រឹងជំនាញទន់របស់យុវជនតាមរយៈសកម្មភាពក្រៅម៉ោងសិក្សា និងទី៣. ផ្ដល់ការគាំទ្រដល់សិស្សក្នុងការរៀបចំផែនការសិក្សានិងអាជីព។ គម្រោងនេះត្រូវបានផ្ដោតលើវិទ្យាល័យគោលដៅចំនួន ២៥ នៅទូទាំងប្រទេស ដោយរំពឹងថានឹងមានសិស្សានុសិស្សទទួលផលប្រមាណ ៤ម៉ឺននាក់៕

ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)




