គណៈបញ្ជាការដឹកនាំបង្ក្រាប់បទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបចុះត្រួតពិនិត្យភូមិសាស្រ្តស្រុកឯកភ្នំ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យភូមិសាស្រ្ត និងអតីតស្នាក់ការចាស់របស់យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប និងអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងផ្ទៃក្នុងរបស់យោធភូមិភាគទី៥ និងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបង្ក្រាបបទល្មើស នេសាទ ខុសច្បាប់នាពេលកន្លងទៅ និងបានប្រគល់ភារកិច្ចបន្តដោយ ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ខិតខំស្រាវជ្រាវស្វែងរកមុខសញ្ញាជនខិលខូច ឆ្លៀតឱកាសធ្វើសកម្មភាពនេសាទខុសច្បាប់ ដើម្បីចាប់ឃាត់ខ្លួនរួមជាមួយវត្ថុតាងបទល្មើសជាក់ស្ដែង បញ្ជូនទៅស្ថាប័នជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

ឧត្តមសេនីយ៍ទោ សេង ធារិន បានបន្តជំរុញឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន បន្តយកចិត្តទុកដាក់ ល្បាតត្រួតពនិត្យ ការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ពិសេសនៅតំបន់ឡូតិ៍អភិរក្សពូជត្រី ឱ្យបានដាច់ខាត តាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន៕


ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)




