ឯកឧត្ដម អ៊ុំ រាត្រី៖ សន្តិភាពជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់នៃនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងបែបនេះរបស់ឯកឧត្ដម អ៊ុំ រាត្រី បានធ្វើឡើងក្នុងឱកាសសម្ពោធឆ្លងសមិទ្ធផលនានា ដែលបានកសាងឡើងដោយកម្លាំងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ និងសប្បុរសជននានា នៅវត្តគិរីញាណក្ខន្ធបទារាម ហៅវត្តកក់ ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្ដមបានគូសបញ្ជាក់ថា សន្តិភាពបាននាំមកនូវឯកភាពជាតិ ឯកភាពទឹកដី និងស្ថិរភាពនយោបាយ ដែលជាកត្តាដ៏សំខាន់សម្រាប់ការរីកចម្រើននៃប្រទេសជាតិ រួមទាំងវិស័យសាសនាផងដែរ និងបានលើកឡើងនូវទស្សនៈដ៏ស៊ីជម្រៅថា "មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗដូចថ្ងៃនេះ និងតទៅអនាគត" ព្រមទាំងបានរំលេចផងដែរអំពីតម្លៃ និងតួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់ថា "ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ" ហើយប្រជាជនកម្ពុជាភាគច្រើនលើសលប់បានគោរព និងប្រតិបត្តិព្រះពុទ្ធសាសនា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្តបានលើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាម និងប្រជាពុទ្ធបរិស័ទទាំងអស់ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំកសាង អភិវឌ្ឍន៍ និងចូលរួមថែរក្សាព្រះពុទ្ធសាសនាឱ្យបានគង់វង្សយូរអង្វែង ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់សង្គមជាតិ និងជាកន្លែងបណ្ដុះនូវគុណធម៌ សីលធម៌ សម្រាប់មនុស្សគ្រប់ជំនាន់។

ពិធីសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តគិរីញាណក្ខន្ធបទារាម (វត្តកក់) បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយក្តីសង្ឃឹម ដែលឆ្លុះបញ្ចាំងពីការរួបរួមសាមគ្គីគ្នារបស់ប្រជាពុទ្ធបរិស័ទ និងការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តចំពោះវិស័យសាសនា។ សមិទ្ធផលទាំងនេះនឹងបម្រើជាប្រយោជន៍ដ៏ធំធេងដល់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទក្នុងមូលដ្ឋាន ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តបន្ទាយមានជ័យឱ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានោះដែរ លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានរាយការណ៍យ៉ាងលម្អិតអំពីសមិទ្ធផលដ៏ប្រពៃទាំងនោះ រួមមានព្រះវិហារមានទំហំទទឹង៨ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ ព្រមទាំងមានរបងព័ទ្ធជុំវិញចំនួន ៦៤ ប្រឡោះ ដែលបានចំណាយថវិកាសរុប ៧០,១៨២.៤៥ ដុល្លារអាមេរិក។កុដិចំនួនមួយខ្នង មានទំហំទទឹង ៥ម៉ែត្រ បណ្តោយ ៨ម៉ែត្រ ដែលបានកសាងឡើងដោយថវិកាពីសប្បុរសជនចំនួន ៣,៥០០ ដុល្លារអាមេរិក។ បន្ទប់ទឹក និងបង្គន់អនាម័យបន្ទប់ទឹកចំនួនមួយ និងបង្គន់អនាម័យចំនួនបួន ដែលបានចំណាយថវិកាសរុប ៣,១៥០ ដុល្លារអាមេរិក។ ស្រះទឹកមុខព្រះវិហារមានទំហំទទឹង២០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ ជម្រៅ៣,៥០ ម៉ែត្រ មានជណ្តើរបេតុងមួយ និងចាក់សាបនៅមុខជណ្តើរ ព្រមទាំងមានការជីកស្រះមួយទៀតនៅជ្រុងខាងជើងឆៀងខាងលិចដីវត្ត ការកាយពង្រាបដី និងការទិញដីក្រហមចាក់ក្រាល ដែលបានចំណាយថវិកាសរុប ៧,០០០ ដុល្លារអាមេរិក។ ខ្លោងទ្វារចូលវត្តដែលមានទីតាំងស្របនឹងផ្លូវជាតិលេខ៦ បានកសាងអស់ទឹកប្រាក់ចំនួន ៣,៨០០ ដុល្លារអាមេរិក។

សរុបមក សមិទ្ធផលទាំងអស់ដែលបានសម្ពោធឆ្លងនាឱកាសនោះ មានតម្លៃជាទឹកប្រាក់ចំនួន ៨៧,៦៣២.៤៥ ដុល្លារអាមេរិក ដែលជាការរួមចំណែកដ៏ធំធេងពីសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ និងសប្បុរសជននានា៕
ដោយ ឈុន សារ៉ាត




