អភិបាលរងខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥-- លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្តកំពង់ធំក្នុងគោលបំណងលើកយកបញ្ហាប្រឈម និងសំណូមពរដើម្បីឱ្យការដាំដុះស្វាយចន្ទីទទួលបានទិន្នផលខ្ពស់ ដោយកិច្ចប្រជុំបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឧកញ៉ា តែ តាំងប៉ ប្រធាន FASMECលោក អ៊ុក គីមសាន អភិបាលរង ខេត្តព្រះវិហារ ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រធានសហពន្ធស្វាយចន្ទីប្រធានសហគមន៍ដាំដុះស្វាយចន្ទីកម្ពុជាប្រធានសមាគមស្វាយចន្ទី មន្ត្រីជំនាញ ម្ចាស់សិប្បកម្ម ក្នុងខេត្តកំពង់ធំ និងបងប្អូនប្រជាកសិករផងដែរ។

លោក ងួន រាសី បានមានប្រសាសន៍ថា នៅក្នុងខេត្តកំពង់ធំ មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន១២ទីតាំងក្នុងនោះរោងចក្រកែច្នៃមាន០៣ ទីតាំង និងសិប្បកម្មមាន០៩ទីតាំងដែលអាចស្តុកទិន្នផលបានចំនួន១៨ ១៩៥តោនក្នុង១ឆ្នាំ និងបានបន្តថា វិធានការមួយចំនួនដែរល្អបំផុត ដើម្បីឱ្យស្វាយចន្ទីមានទិន្នផលកាន់តែច្រើនទៀតនោះគឺការបង្កើនសមត្ថភាពជំនាញដល់កសិករអំពីបច្ចេកទេសគ្រប់គ្រងដំណាំ ព្រមទាំងការជំរុញការប្រើប្រាស់ពូជមាន គុណភាពល្អ ផ្តល់ទិន្នផលខ្ពស់ធន់នឹងលក្ខខណ្ឌមិនសមប្រកបនានា។

លោក ងួន រាសី បានមានប្រសាសន៍ថា ការបង្កើតសហគមន៍កសិកម្មទំនើប និងជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺដើម្បីកាត់បន្ថយតម្លៃដើម និងធានាការផ្គត់ផ្គង់ផលិតផលស្របតាមតម្រូវការទីផ្សារ និងការពង្រឹងទីផ្សារផលិតផលដោយភ្ជាប់កសិករអ្នកផលិតសហគមន៍កសិកម្មជាអ្នកប្រមូលទិញសហគ្រាស/កសិកម្ម ក្រុមហ៊ុនកែច្នៃនិងនាំចេញគឺជារឿងដែលល្អបំផុត៕


ដោយ ស៊ុម វណ្ណា




