លោក សាយ គឹមឡម អំពាវនាវដល់យុវជនត្រូវនាំគ្នាលេងកម្សាន្តក្នុងពិធីត្រាស់ចេត្រប្រកបដោយសាមគ្គីភាពស្និទ្ធស្នាល និងទទួលខុសត្រូវ
AKP កំពង់ធំ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់យុវជនត្រូវនាំគ្នាលេងកម្សាន្តក្នុងពិធីស្រង់ព្រះ "ត្រាស់ចេត្រ" ប្រកបដោយសាមគ្គីភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់ ក្នុងឱកាសដែលលោក និងសហការីអញ្ជើញចូលរួមលេងកម្សាន្តសប្បាយក្នុងពិធីស្រង់ព្រះ "ត្រាស់ចេត្រ" ឆ្លងឆ្នាំថ្មីនៅវត្តករណីដើម ស្ថិតក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។

លោក សាយ គឹមឡម បានមានប្រសាសន៍ថា នេះជាថ្ងៃចុងក្រោយហើយដែលគ្រប់វត្តអារាមនៅក្នុងស្រុកស្ទោងបានស្រង់ព្រះ "ត្រាស់ចេត្រ" សង្ក្រាន្តឆ្នាំថ្មីរបស់ខ្លួនដែលបានអូសបន្លាយការកម្សាន្តសប្បាយតាំងពីបុណ្យចូលឆ្នាំថ្មីមកដល់ពេលនេះតាមការនិយមចូលចិត្តរបស់មូលដ្ឋាននិងតាមបណ្តាវត្តនានា។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអាចារ្យ គណៈកម្មការ ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋានកងកម្លាំងទាំងបី ជាពិសេសក្រុមពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោងដែលតែងតែបង្កលក្ខណ:រៀបចំសង្ក្រាន្ត និងយកទឹកទៅបាញ់ជូនពុកម៉ែបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅតាមបណ្ដាវត្តអារាមនានាបានកម្សាន្តសប្បាយត្រជាក់ត្រជុំយ៉ាងស្និទ្ធស្នាល និងជាទីមោទនភាពក្រៃលែង និងបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវនាំគ្នាថែរក្សាទំនៀងទម្លាប់ប្រពៃណីបុរាណខ្មែរដ៏ល្អផូរផង់នេះឱ្យបានគង់វង្សតរៀងទៅ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញរាំកម្សាន្តសប្បាយជាមួយប្រជាពលរដ្ឋនៅក្នុងឱកាសនោះនូវចង្វាក់ប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយផងដែរ៕


ដោយ ស៊ុម វណ្ណា




