ភ្ញៀវទេសចរបរទេសជាង ៨០០នាក់ ចូលទស្សនកិច្ចកម្ពុជា តាមច្រកកំពង់ផែសមុទ្រ ខេត្តព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥--
នាវាទេសចរណ៍បរទេសចំនួនមួយគ្រឿងមានឈ្មោះ Viking Orion បាននាំភ្ញៀវទេសចរណ៍បរទេសចម្រុះជាតិសាសន៍ជាង ៨០០នាក់ ស្មើនឹង ១៩សញ្ជាតិ បានចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយ:ពេលពីរថ្ងៃនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។

តាមការឪ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះ សីហនុ បានឪ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យទី២០ ខែមេសា ឆ្នាំ២០២៥នេះ នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ Viking Orion សញ្ជាតិ Norway មានបណ្តោយ ២២៨.៣០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជំរៅទឹក ៦.៨ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៨៣៩នាក់ ស្រី ៤៣៩នាក់ ស្មើនឹង ១៩សញ្ជាតិ និងមាននាវិកសរុបចំនួន ៤៦៨នាក់ ស្រី ១០៦នាក់ ស្មើនឹង ៤៨សញ្ជាតិ។ នាវាទេសចរណ៍ Viking Orion បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង១២ និង ៣០នាទី រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នាវានេះមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Viking Orion ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ៦៦៧នាក់ ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងៗទៀត។ ក្នុងអំឡុងពេលដែលនាវាទេសចរណ៍បរទេសចូលសុំ ចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្ញៀវទេសបរទេសធ្វើដំណើបន្តទៅទស្សនកិច្ចនៅអង្គរ ខេត្តសៀមរាប មានចំនួន ៧២នាក់ ស្រី ៣៨នាក់ ស្មើនឹង ៣សញ្ជាតិ ។

ភ្ញៀវទេសចរបានធ្វើដំណើទស្សនា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ ទៅកម្សាន្តតំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) សង្កាត់រាម វត្តបិតត្រាំង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ។
ក្នុងដំណើរចូលចតរបស់នាវាទេសចរណ៍នៅកំពង់ផែអន្តរស្វយ័តក្រុងព្រះសីហនុ មានការទទួលស្វាគមន៍ពីរដ្ឋបាលក្រុង ខេត្ត ព្រមទាំងមានការសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពពីកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព ៕
ដោយ៖ ងូ សុមុនី




