ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៣០គ្រួសារនៅបន្ទាយមានជ័យ ទទួលបានអំណោយសង្គ្រោះពីកាកបាទក្រហមខេត្ត
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែមេសាឆ្នាំ២០២៥–
ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ មកពីតំបន់រងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅក្នុងស្រុកស្វាយចេក ក្រុងសិរីសោភ័ណ និងស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ បានទទួលអំណោយសង្គ្រោះបឋមពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

អំណោយមនុស្សធម៌ដ៏មានតម្លៃនេះ ត្រូវបាននាំយកទៅប្រគល់ជូនដោយផ្ទាល់ពី ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី អនុប្រធានកិត្តិយសសាខា កាលពីព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់គណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមស្រុកស្វាយចេក អនុសាខាកាកបាទក្រហមក្រុងសិរីសោភ័ណ ក្រុមប្រតិបត្តិឃុំសង្កាត់ លោកមេភូមិ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមជាច្រើនរូបផងដែរ។

ក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅជូនដល់គ្រួសាររងគ្រោះចំនួន ២៤គ្រួសារ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងនោះ នៅស្រុកស្វាយចេកមាន ៦គ្រួសារ មកពីឃុំទ្រាស (២ភូមិ) និង ២គ្រួសារ មកពីឃុំស្លក្រាម (២ភូមិ)។ ចំណែកឯក្រុងសិរីសោភ័ណវិញ មាន ១១គ្រួសារ មកពីសង្កាត់កំពង់ស្វាយ (៤ភូមិ) និង ៥គ្រួសារ មកពីសង្កាត់ម្កាក់ (៥ភូមិ)។
ដោយឡែក នៅរសៀលថ្ងៃដដែល ឯកឧត្តម អ៊ុ រាត្រី បានចាត់តាំងលោក ធូ ស៊ីភ័ណ្ឌ នាយកសាខា ដឹកនាំគណៈកម្មាធិការអនុសាខា ក្រុមប្រតិបត្តិឃុំ លោកមេភូមិ អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាំយកអំណោយមនុស្សធម៌របស់សាខា ទៅសួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦គ្រួសារទៀត នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលបានរងគ្រោះកាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ គ្រួសាររងគ្រោះទាំងនោះ រស់នៅក្នុងភូមិបឹងឈូក (២គ្រួសារ), ភូមិរស្មីមានជ័យ (៣គ្រួសារ) និងភូមិអភិវឌ្ឍន៍ (១គ្រួសារ)។
ក្នុងឱកាសនៃការសួរសុខទុក្ខនោះ ឯកឧត្តម អ៊ុ រាត្រី បានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះគ្រួសាររងគ្រោះទាំង ៣០គ្រួសារ ដែលបានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់នាពេលថ្មីៗនេះ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមេឃមានសញ្ញាភ្លៀងខ្យល់ កុំចេញទៅវាលស្រែ និងកុំជ្រកនៅក្រោមដើមឈើធំៗ។ ត្រូវស្វែងរកទីកន្លែងដែលមានសុវត្ថិភាពដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ ជាពិសេស ឯកឧត្តម បានលើកទឹកចិត្តដល់បងប្អូនទាំងអស់ ត្រូវចេះថែរក្សាសុខភាព ព្រោះបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល និងក្តៅខ្លាំង ដូច្នេះសូមបងប្អូនពិសាទឹកឱ្យបានច្រើន។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នាំយកទៅផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម, មីជាតិ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, មុង ១, ភួយ ១, សារុង ១, ក្រមា ១ និងថវិកាមួយចំនួនផងដែរ។ អំណោយទាំងនេះ គឺជាការបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ពីសំណាក់កាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ៕
ដោយ៖ ឈុន សារ៉ាត




