ពិធីស្រង់ព្រះ ស្រោចស្រពសុគន្ធវារីនៅវត្តឥន្ទរង្សី
AKP កំពង់ធំ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥--
លោក សាយ គឹមឡម អភិបាលស្រុកស្ទោងកាលពីរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២៥បានអញ្ជើញចូលរួមក្នុងពិធីស្រង់ព្រះនិងស្រោចស្រពសុគន្ធវារីដល់ព្រះគ្រូ ភិក្ខុចិត្តសំវរោ ថេ សិត ព្រះគ្រូចៅអធិការវត្តឥន្ទរង្សី ហៅ(វត្តហប់)និងស្រោចទឹកដល់ប្រជាពុទ្ធបរិស័ទប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានអញ្ជើញមកកម្សាន្តសប្បាយក្នុងពិធីស្រង់ព្រះ"ត្រាស់ចេត្រ"នៅវត្តឥន្ទរង្សីស្ថិតនៅក្នុងភូមិហប់ឃុំទ្រាស្រុកស្ទោងខេត្តកំពង់ធំ។

ក្នុងពិធីនោះដែរក៏មានការសុំខមាទោសនូវកំហុសទាំងឡាយទាំងកាយ វាចា ចិត្តក្តីពីព្រះគ្រូចៅអធិការព្រះឧបជ្ឈាយ៍ដើម្បីសុំការអនុញ្ញាតអត់ឱនទោសសព្វបែបយ៉ាងដែលសិស្សគណក៏ដូចជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយមានការខុសឆ្គងដោយប្រការណាមួយក៏ដូចជាការសូមពរជ័យសេចក្តីសុខសប្បាយពីព្រះអង្គនិងទេវតាឆ្នាំថ្មីព្រះនាមគោរាគទេវី សូមប្រោះប្រទាននូវសព្វសាធុកាពរ សេចក្តីសុខសប្បាយសិរីសួស្ដីបវរមហាប្រសើរដល់សិស្សគណនិងប្រជាពលរដ្ឋគ្រប់ៗរូបក៏ដូចជាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រនិងបង្ករភាពស្និទ្ធស្នារវាងប្រជាពុទ្ធបរិស័ទព្រះសង្ឃ ការចូលរួមថែរក្សានូវទំនៀមទំលាប់ប្រពៃណីបុរាណនិងថ្នាក់ដឹកនាំស្រុកស្ទោងផងដែរ។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកបានអញ្ជើញលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទនៅក្នុងឱកាសនោះយ៉ាងសប្បាយរីករាយថ្វីដ្បិតតែសង្ក្រាន្តឆ្នាំថ្មីត្រូវបានបញ្ចប់ទៅហើយក្តីប៉ុន្តែនៅវត្តអារាមមួយចំនួនធំក្នុងស្រុកស្ទោងក៏ដូចជាវត្តឥន្ទរង្សីនេះនៅតែបន្តលេងល្បែងប្រជាប្រិយខ្មែរតាមតំបន់និងការនិយមរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

ដោយ៖ ស៊ុម វណ្ណា




