ឯកឧត្តម ហ៊ែល តូនី ចុះពិនិត្យករណីចាក់ដីចូលក្នុងទន្លេសាប ស្ថិតក្នុង ក្រុងកំពង់ឆ្នាំង
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥–
ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដឹកនាំមន្រ្តីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាបនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានចុះពិនិត្យករណីចាក់ដីចូលក្នុងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត បានចុះពិនិត្យដល់ទីតាំងជាក់ស្តែង និងប្រជុំពិភាក្សាដោះស្រាយចំពោះករណីក្រុមហ៊ុនទឹកស្អាត បានចាក់ដីបំពានចូលទន្លេសាប ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់លំហូរទឹកធម្មជាតិរបស់ទន្លេសាប ហើយជាបទល្មើស បានចែងក្នុងបទបញ្ញត្តិនៅក្នុងមាត្រាទី ១២ និងមាត្រាទី ៣៦ នៃច្បាប់ ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមការងារនោះក៏មានការចូលរួមពីឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប មន្រ្តីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយមន្ទីរជំនាញ អាជ្ញាធរក្រុង សង្កាត់ និងកងកម្លាំងសមត្ថិកិច្ចរដ្ឋបាលមូលដ្ឋានសង្កាត់ខ្សាម និងសង្កាត់ផ្សារឆ្នាំង ផងដែរ៕

ដោយ៖ ណយ នឿន (ប្រភឍព៖អាជ្ញាធរទន្លេសាប)




