លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៤គ្រួសារ នៅតាមមាត់ប្រទ្បាយលូបឹងសាទ្បាង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥--
ឆ្លើយតបទៅនឹងករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅតាមមាត់ប្រទ្បាយលូបឹងសាទ្បាង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៥ ត្រូវនឹងថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរកន្លងទៅនេះ។ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៤គ្រួសារ (ស្មើនឹង ៤ខ្នងផ្ទះ ) ដែលករណីអគ្គិភ័យនេះបណ្តាលចេញមកពីការឆេះសិប្បកម្មផលិតស្បែកជ្រូកបំពងនៅចំណុចទីតាំងដីឡូត៍លេខ២៥ ផ្លូវមាត់ប្រឡាយ ក្រុមទី១៥ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីពេញ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយ ដែលឧបទ្ទវហេតុភ្លើងឆេះផ្ទះបានបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះ។ លោកជំទាវ បានបន្តថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះនៅគ្រប់ទីកន្លែង ហើយតែងតែចាត់ឱ្យមន្ត្រីក្រោមឱវាទចុះភ្លាមៗឱ្យបានទាន់ពេលវេលា ។ ថ្វីបើអំណោយទាំងនេះពុំអាចស្មើទៅនឹងទំហំ នៃការខូចខាតទ្រព្យសម្បត្តិ ដែលត្រូវភ្លើងឆេះក៏ពិតមែន ក៏ប៉ុន្តែបានចូលរួមរំលែកនូវទុក្ខលំបាកដែលបងប្អូនទាំង៤គ្រួសារនេះ កំពុងជួបប្រទះបានមួយគ្រាផងដែរ។»
លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យដោយមុនចាកចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនី ក៏ដូចជាភ្លើងទៀន ធូប ចង្ក្រានឱ្យបានរួចរាល់ ដោយសាររដូវនេះជារដូវក្តៅ ដែលងាយបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនេះ លោកជំទាវ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តាំផ្ញើលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិត ពង្រឹងស្មារតី និងកម្លាំង ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ជាពិសេសត្រូវសាងសង់សំណង់ទៅតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងត្រូវរក្សាអនាម័យក្នុងការរស់នៅជៀសវាងកើតមានជំងឺផ្សេងៗជាដើម។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន អ្នកជិតខាង និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះទាំង ៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, កៅស៊ូតង់ ១សន្លឹក និងថវិកា២០ម៉ឺនរៀល។
គួររំឭកថាកាលពីវេលាម៉ោង៩:៣០នាទីនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចដីតឡូតិ៍លេខ២៥ ផ្លូវមាត់ប្រឡាយ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីអគ្គិសភ័យឆេះសិប្បកម្មផលិតស្បែកជ្រូកមួយកន្លែង ដែលសំណង់ជាប្រភេទដែកប្រក់ស័ង្កសី ទំហំ (៣៤ម៉ែត្រ x ២៤ម៉ែត្រ) បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសារឆ្លងចរន្តអគ្គិសនី រួមទាំងសម្ភារត្រូវឆេះអស់ទាំងស្រុង ហើយបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងផ្ទះ ផងដែរ ។

ជាមួយគ្នានេះក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា , លោកជំទាវ អគ្គលេខាធិការរងទី១ ក៏បានអំពាវនាវចំពោះសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ដោយការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលជាក់ស្តែង៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)




