ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ទទួលជួបជាមួយមេបញ្ជាការកងទ័ពពិសេស
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបជាមួយក្រុមប្រតិភូបញ្ជាការដ្ឋានកងទ័ពពិសេស ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុ សំណាង មេបញ្ជាការដ្ឋានទ័ពពិសេស ។

នៅក្នុងជំនួបកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានជម្រាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ នៃបញ្ជាការដ្ឋានកងទ័ពពិសេស ពាក់ព័ន្ធនឹងការហ្វឹកហាត់នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ការសាងសង់អគារបន្ទាយកងទ័ព និងការប្រារព្ធពិធីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិនៅបញ្ជាការដ្ឋានទ័ពពិសេសកន្លងទៅនេះ ហើយក៏បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ផែនការសកម្មភាពអភិវឌ្ឍន៍នានារបស់បញ្ជាការដ្ឋានកងទ័ពពិសេសកន្លងមក។

ក្នុងឱកាសនេះដែរ តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់ជាថវិកាឧបត្ថម្ភមួយចំនួនជូនដល់បញ្ជាការដ្ឋានកងទ័ពពិសេស និងបានជូនពរឆ្នាំថ្មី សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់កងទ័ពពិសេសទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)




