រដ្ឋបាលរាជធានីភ្នំពេញត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ ដើម្បីគាំទ្រកាកបាទក្រហមកម្ពុជា និងចលនាមនុស្សធម៌នៅកម្ពុជា នាថ្ងៃ៨ ឧសភា ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥-- រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ ដើម្បីគាំទ្រកាកបាទក្រហមកម្ពុជា និងចលនាមនុស្សធម៌នៅកម្ពុជា ក្រោមវត្តមានឯកឧត្តម កើត ឆែ អភិបាលរង និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ខួបលើកទី១៦២ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២៥ ក្រោមមូលបទ រួមគ្នាស្មគ្រ័ចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ។


ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា ក្រុមការងារត្រូវរៀបចំមហាជនចូលរួមដែលតាមគម្រោងមានមនុស្សប្រមាណចន្លោះពី២ទៅ៣ម៉ឺននាក់ ដោយឯកឧត្តមបានបំផុសឱ្យក្រុមលោក ពាក់មី «ផ្ការីកគ្រប់រដូវ» ធ្វើស្ពតផ្សព្វផ្សាយ ហើយក្រុមតារាកម្ពុជារបស់យើងត្រូវធ្វើការផ្សព្វផ្សាយគ្រប់ៗគ្នាឱ្យបានទូលំទូលាយទាំងការប្រកួត និងការប្រគុំតន្ត្រីជាដើម គឺធ្វើម៉េចឱ្យមានការចាប់អារម្មណ៍ពីមហាជន។ ទាក់ទងសមាគមសិល្បករខ្មែរឱ្យចូលរួមបញ្ជូនក្រុមតារាល្បីៗមកសហការសម្តែង។ ព្រឹត្តិការណ៍បាល់ទាត់នេះទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះជាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីមនុស្សធម៌ដោយរៀបចំឱ្យមាន១ប្រកួតគឺ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ជាមួយក្រុមតារាកម្ពុជាដែលអាចចាប់ផ្តើមនៅម៉ោង៤ ឬម៉ោង៤កន្លះ។ការប្រកួតនេះគ្រោងនឹងដំណើរការទៅក្រោមវត្តមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឬលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត។

ទន្ទឹមនឹងនេះ អង្គប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ខាងលើនេះនឹងបើកកិច្ចប្រជុំមួយលើកទៀត ដោយឯកឧត្តម កើត ឆែ អភិបាលរងរាជធានីបានស្នើសុំឱ្យសមាជិកអង្គប្រជុំយកស្មារតីនៃកិច្ចប្រជុំនេះទៅអនុវត្តតាមតួនាទី ភារកិច្ចរៀងៗខ្លួនឱ្យសម្រេចបានជោគជ័យ៕


ដោយ សួស សំរិត




