ឯកឧត្ដម អ៊ុន ចាន់ដា៖ កត្តាឯកភាព និងកត្តាសាមគ្គីភាព ធ្វើឱ្យយើងទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ
AKP កំពង់ចាម ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា កត្តាឯកភាព និងកត្តាសាមគ្គីភាព កិច្ចសហការ និងការរួមចំណែក របស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខេត្តដែ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ រហូតដល់ឆ្នាំនេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវចូលរួមលេងកម្សាន្តជិត៣លាននាក់។

ការលើកឡើងដូចនេះ ក្នុងឱកាសឯកឧត្ដម អភិបាលខេត្តអញ្ជើញជាអធិបតីជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងការដឹកនាំកិច្ចប្រជុំរៀបចំកម្មវិធីបុណ្យខួបគម្រប់៣ឆ្នាំ ដើម្បីឧទ្ទិសកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញ្ញាណ ហ៊ុន ណេង ដែលបានរៀបចំនៅសាលប្រជុំសាលា នាព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០២៥ នេះ ក្រោមការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ព្រមទាំង លោកអភិបាល អភិបាលរងក្រុង ស្រុក ទាំង ១០ និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។


ឯកឧត្តមអភិបាលខេត្តបានអរគុណ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងនិងយក ចិត្តទុកដាក់ខ្ពស់ដល់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធដែលបានចូលរួមចំណែកធ្វើឱ្យកិច្ចដំណើរការសង្ក្រាន្ត៣ថ្ងៃនៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ពិសេសរៀបចំព្រឹត្តិការណ៍លៀសហាលប្រវែង១.០០០ម៉ែត្រ ទម្ងន់៣តោន បានដំណើរការល្អប្រសើរទៅបាន អាស្រ័យដោយមានពីការរួមចំណែកពីគ្រប់សមាសភាព ទាំងអាជ្ញាធរ មន្ទីរ អង្គភាព ស្ថាប័ន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានផងដែរ។


ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ខេត្តកំពង់ចាមទទួលបានភ្ញៀវចូលរួមលេងកម្សាន្តជិត៣លាននាក់ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ភាពជោគជ័យអាស្រ័យដោយកត្តាឯកភាព និងកត្តាសាមគ្គីភាព ដែលបានមកពីកិច្ចសហការ និងការរួមចំណែកពីតួអង្គពាក់ព័ន្ធទាំងអស់របស់យើង៕
ដោយ ឆាយ ម៉ុត




