រដ្ឋបាលខេត្តសៀមរាបមានមោទនភាពចំពោះជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តសៀមរាបមានមោទនភាពជាទីបំផុត ចំពោះការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ រួមទាំងសុវត្ថិភាពចរាចរណ៍ ក្នុងឱកាសនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សែននាក់ឱ្យមកកាន់ទឹកដីនៃខេត្តសៀមរាប។

ជាក់ស្តែងក្នុងរយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលមកទស្សនាកម្សាន្តចំនួនប្រមាណ ២,៧៥២,៨១៨ នាក់ ក្នុងនោះរួមមានភ្ញៀវទេសចរអន្តរជាតិប្រមាណចំនួន១២,៨១៨នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ២,៧៤០,០០០នាក់ ស្របពេលដែលខេត្តសៀមរាបមានកម្មវិធីធំៗជាច្រើនទៀតបន្ថែមពីកម្មវិធីអង្គរសង្រ្កាន្ត ក្នុងនោះមានព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត។
តាមរយៈទំព័រហ្វសប៊ុកផ្លូវការ នាថ្ងៃទី១៨ ខែមេសានេះ រដ្ឋបាលខេត្តសៀមរាបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុគណៈកម្មការនីមួយៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានរៀបចំ និងសម្របសម្រួលបានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានសម្រួលចរាចរណ៍មិនឱ្យមានការកកស្ទះយូរ និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ រួមទាំងការងារសម្អាតអនាម័យបរិស្ថានផងដែរ។
រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តកន្លងទៅនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់គណៈបញ្ជាឯកភាពខេត្ត កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តជាង២ពាន់នាក់ បូករួមទាំងកម្លាំងប្រជាការពារ និងកម្លាំងអន្តរាគមន៍សរុបទាំងអស់ជាង៣ពាន់នាក់ មកពី១៥ស្ថាប័ន នៃអង្គភាពចំណុះគណៈបញ្ជាការឯកភាពខេត្ត បានផ្តល់ការការពារសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយ ទាំងពេលយប់ និងពេលថ្ងៃ ពោលគឺ២៤លើ២៤ម៉ោងនៅគ្រប់គោលដៅទាំងអស់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)




